នៅថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បានចុះសិក្សាស្រាវជ្រាវ តាមដាននិងវាយតម្លៃពីការកែច្នៃត្រី ស្ថិតនៅសង្កាត់ផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង សង្កាត់ប្អេរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ ៖
១. អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ មួយចំនួន ដើម្បីសិក្សាស្វែងយល់ អំពី ប្រសិទ្ធភាព និងសក្តានុពលនៃការកែច្នៃផលនេសាទក្នុងតំបន់នីមួយៗ
២. ធ្វើការសម្ភាសន៍ជាមួយប្រជាជនដែលមានមុខរបរកែច្នៃផលនេសាទ បច្ចេកទេស និងប្រភេទនៃការកែច្នៃ
៣. សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រីកែច្នៃ ការប្រមូលទិញផលិតផលកែច្នៃ និងទីផ្សារ។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីការកែច្នៃត្រី គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប ។ សកម្មភាពខាងលើនេះ មានគោលបំណង៖
- តាមដានបរិមាណត្រីស្រស់ និងប្រភេទត្រីនៃការកែច្នៃ តំបន់ជុំវិញបឹងទន្លសាប
- បច្ចេកទេសនៃការកែច្នៃតាមប្រភេទនីមួយៗ
- សិក្សាពីចរន្តទីផ្សារ
- សិក្សាពីផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយដែលពាក់ព័ន្ធនឹងផលិតផលកែច្នៃផលនេសាទ៕














