នាព្រឹកថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សា អន្តរក្រសួងដើម្បីកសាងយុទ្ធសាស្ត្រពង្រឹងនិរន្តរភាពសហគមន៍តំបន់អភិរក្សបឹងពារាំង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោកជាតំណាងមកពីក្រសួងទេសចរណ៍, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, អង្គភាពប្រឆាំងអំពើពុករលួយ, រដ្ឋបាលជលផល, អភិបាលរងខេត្តសៀមរាប និងមន្ត្រីរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប។
កិច្ចប្រជុំពិភាក្សានេះ ក្នុងគោលបំណងពិភាក្សាពិគ្រោះយោបល់ដើម្បី ១. ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ២. ការរៀបចំកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ធម្មជាតិវៃឆ្លាតក្នុងការពង្រឹងនិរន្តរភាពយន្តការដំណើរការការងារសហគមន៍តំបន់អភិរក្សជីវៈចម្រុះបឹងពារាំងក្នុងស្មារតីចូលរួមគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពតំបន់អេកូទេសចរណ៍ធម្មជាតិបឹងពារាំង និងការពារថែរក្សាធនធានធម្មជាតិដែនព្រៃលិចទឹក និងព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ជូនថា តំបន់អភិរក្សជីវៈចម្រុះបឹងពារាំងជាផ្នែកមួយនៃបឹងទន្លេសាប ហើយអាចចាត់ទុកជាតំបន់ដីសើមដែលធំមួយ ផ្ទៃបឹងពារាំងមានទំហំប្រមាណជា ២៥០ហិកតា និងផ្ទៃដីព្រៃលិចទឹក ប្រមាណជា២ ៦០៧ហិកតា ដែលមានប្រព័ន្ធអេកូឡូស៊ីប្រកបដោយសក្តានុពល និងសម្បូរទៅដោយជីវៈចម្រុះ ប្រភេទព្រៃលិចទឹក ពពួកសត្វស្លាបរួមទាំងប្រភេទត្រីមេពូជជាច្រើនប្រភេទ ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តផងដែរ។ គួររំលឹកផងដែរថា តំបន់អភិរក្សជីវៈចម្រុះបឹងពារាំងបានចុះបញ្ជីជាផ្លូវការក្រោមក្រសួងមហាផ្ទៃ ដោយប្រកាសលេខ ៦៤២៨ ប្រក ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ដែលមានឈ្មោះដើមថា សមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង៕






















