នាព្រឹកថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប រួមជាមួយតំណាងមកពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងតំណាងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាបូកសរុបលទ្ធផល នៃដំណើរទស្សនកិច្ចសិក្សាប្រមូលព័ត៌មានក្រោមគម្រោង “Lancang-Mekong Smart Eyes Action-Joint Research on the Technology and Standards Intelligent Hydrological Monitoring in the Mekong River” ជាមួយក្រុមអ្នកជំនាញការចិន នៃគណៈកម្មាការធនធានទឹកឆាងជាំង (Changjiang Water Resources Commission) ដឹកនាំដោយ Mr. Hu Bo ប្រធានផ្នែក Division Chief of Changjiang Water Resources Commission នៅលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប។
កិច្ចប្រជុំពិភាក្សាបូកសរុបការងារក្នុងដំណើរទស្សនកិច្ចសិក្សានេះ ផ្តោតលើ ៣ចំណុច ដូចខាងក្រោម៖
១. ឯកភាពលើការស្នើសុំពីភាគីចិន ក្នុងការសម្របសម្រួលពិនិត្យមើលលទ្ធភាពទីតាំងជាក់លាក់ ដើម្បីដំឡើងស្ថានីយត្រួតពិនិត្យកករដីល្បាប់ស្វ័យប្រវត្តិលើដងទន្លេសាប នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
២. អំពីសកម្មភាពនៃគម្រោងស្នើសុំរួមគ្នាចំនួនពីរ ដែលភាគីទាំងពីរបានរៀបចំដាក់ពាក្យស្នើសុំថវិកាគាំទ្រពីមូលនិធិ ពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ ២០២៦ មាន៖
- ការសាងសង់បណ្តាញស្ថានីជលសាស្ត្រ និងឧតុនិយម នៅអាងទន្លេសាប
- ការរៀបចំ “មជ្ឈមណ្ឌលជាតិធនធានទឹកកម្ពុជា” ។
៣. ភាគីចិននឹងរៀបចំឯកសារទស្សនទានបន្ថែមអំពីដំណើរការនៃកិច្ចសហការបន្ត និងគម្រោងស្នើសុំថ្មីរួមគ្នាបន្តទៀត ជាមួយអាជ្ញាធរទន្លេសាប ដោយមានការចូលរួមសហការបន្ថែមផងដែរពី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង ពីនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម នៃប្រទេសកម្ពុជា៕














