កាលពីថ្ងៃចន្ទ ២រោច ដល់ ថ្ងៃសុក្រ ៦រោច ខែ ស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២៥ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្ត្រ និងផលប៉ះពាល់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទនៅក្នុងខេត្តកំពង់ធំ សៀមរាប និងខេត្តបាត់ដំបង។ ការចុះសិក្សានេះ ក្រុមការងារបានធ្វើការលើ ៖
១. ជួបពិភាក្សាជាមួយខាងមន្ទីរបរិស្ថាន ដើម្បីពិភាក្សា និងស្នើសុំទិន្នន័យប្រភេទជីវចម្រុះនៅក្នុងតំបន់អភិរក្សបឹងពារាំង រ៉ាមសារស្ទឹងសែន រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់ពាក់ព័ន្ធជាប់បឹងទន្លេសាប
២. សម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា
៣. ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផល
៤. សម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតំបន់អភិរក្សសត្វស្លាប និងជីវចម្រុះគ្រប់ប្រភេទក្នុងតំបន់សិក្សា ដើម្បីប្រមូលទិន្នន័យ ព័ត៌មាន លើប្រភេទនីមួយៗ។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្ត្រ និងផលប៉ះពាល់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប ។ សកម្មភាពខាងលើនេះ មានគោលបំណង៖
- តាមដាន និងវាយតម្លៃប្រភេទធនធានជលផល ទៅតាមប្រភេទឧបករណ៍នេសាទក្នុងតំបន់សិក្សា
- បច្ចុប្បន្នភាពប្រភេទសត្វស្លាប និងថនិកសត្វក្នុងតំបន់សិក្សា៕










