នាថ្ងៃចន្ទ ២រោច ដល់ថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យអភិរក្ស នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារលើតំបន់អភិរក្សជលផលកំពង់ប្រាក់ ស្ថិតក្នុងភូមិសាស្ត្រឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងដំណើរបេសកកម្មនេះក្រុមការងារបាន៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយអាជ្ញាធរដែនដី(មេឃុំ ក្រុមប្រឹក្សាឃុំ) និងសង្កាត់ជលផលកំពង់លួង
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយប្រធាន គណៈកម្មការ និងសមាជិកសហគមន៍នេសាទកំពង់ប្រាក់
- ជួបសម្ភាសន៍ និងប្រមូលព័ត៌មានជាមួយប្រជានេសាទ។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលកំពង់ប្រាក់ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។
ក្នុងដំណើរនៃការចុះបំពេញបេសកកម្មនេះមានគោលបំណងសំខាន់ៗគឺដើម្បី៖ - ស្វែងយល់ពីផែនការគ្រប់គ្រង អ្នកចូលរួមសហការណ៍ អភិវឌ្ឍន៍នៅក្នុងតំបន់ និងទស្សនៈវិស័យផ្សេងៗ
- ស្វែងយល់ពីសក្តានុពល និងការប្រែប្រួលនៃធនធានជលផល ជីវៈចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី៕










