នាថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ជា សុខនី អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប ទទួលបន្ទុកមុខព្រួញផ្លូវជាតិលេខ៥ បានបន្តដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប សហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះពិនិត្យស្ថានភាពទឹកស្ទឹងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសសាស្ត្រខេត្តបាត់ដំបង។
ក្រុមការងារ បានចុះពិនិត្យនៅតាមបណ្ដាទីតាំង ដូចខាងក្រោម៖
១- ពិនិត្យស្ថានភាពលំហូរទឹកស្ទឹងសំខាន់ៗនៅក្នុងខេត្តបាត់ដំបង ដែលហូរចាក់ទៅបឹងទន្លេសាប រួមមាន
- ស្ទឹងដូនទ្រី ផ្នែកខាងក្រោមសំណង់ទ្វារទឹករាមគន់ ស្ថានភាពកម្ពស់ទឹកមានកម្រិតទាបនៅឡើយ
- ដងស្ទឹងសង្កែ ចាប់ពីទំនប់សាលាតាអន រហូតដល់ចុងទឹកនៃឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង របស់ស្រុកឯកភ្នំ ស្ថានភាពទឹកបឹងទន្លេសាបបានឡើងលិចវាលទំនាបលិចទឹកជាប់នឹងដងស្ទឹងសង្កែ មានជម្រៅប្រមាណពី ០,៥ម៉ែត្រ ទៅ ១ម៉ែត្រ
២- ពិនិត្យលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាស្ថិតនៅក្នុងតំបន់២ និងតំបន់១ ដែលនាំឲ្យមានផលប៉ះពាល់ដល់ចរន្តទឹកហូរចូលបឹងទន្លេសាប ក្នុងនោះមានការធ្វើស្ពានថ្ម កាត់ស្ទឹងដូនទ្រីចំនួន ១កន្លែង ត្រង់ចំណុចភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី និងការធ្វើឱ្យមានការរាំងស្ទះចរន្តទឹកនៅតាមសំណង់ទ្វារទឹកមួយចំនួនដែលសាងសង់ខុសលក្ខណៈបច្ចេកទេសនៅតាមដងស្ទឹងសង្កែ
៣- ពិនិត្យលើដែនវិសាលភាពទឹកបឹងទន្លេសាប ឃើញថាទឹកបានឡើងលិចនៅតំបន់៣ ទាំងស្រុង និងលិចដល់តំបន់២ និងតំបន់១នៅផ្នែកខ្លះ នារដូវវស្សាឆ្នាំ២០២៥ នេះ៕
















