នាថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ក្រុមការងារមន្ត្រីបច្ចេកទេសទទួលបន្ទុកមុខព្រួញផ្លូវជាតិលេខ ៦ បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម បន្តចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាស្ទឹងមួយចំនួនស្ថិតក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។
ក្រុមការងារបានបន្តចុះពិនិត្យតាមបណ្តាស្ទឹងមួយចំនួនដូចខាងក្រោម៖
- ស្ទឹងសិរីសោភ័ណ្ឌ មានចំនុចចាប់ផ្តើមត្រង់ទំនប់តាកុច ភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ និងប្រសព្វជួបគ្នាជាមួយស្ទឹងមង្គលបុរី នៅភូមិគយម៉ែង ឃុំគយម៉ែង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
- ស្ទឹងសិរីសោភ័ណ្ឌ មានអូរសំខាន់ៗចំនួន ៣អូរ ៖ អូរបឹងឈូក អូរកំព្រីង និងអូរបារ៉ស់
- ស្ថានភាពអូរសំខាន់ៗទាំង ៣ អូរ គឺមានស្ថានភាពទឹកហូរជាធម្មតា មិនមានការបិទខ្ទប់នោះទេ
- ស្ទឹងមង្គលបុរី មានសំណងស្ទាក់ទឹកចំនួន ៣ទីតាំង សំណង់ស្ទាក់ទឹកពោធិ៍ ២ដើម សំណង់ស្ទាក់ទឹកសិរីមង្គល និងសំណងស្ទាក់ទឹកសំបួរ និងមានកម្ពស់ទឹកជាមធ្យម ៤.៨ ម និងកម្រិតប្រកាសអាសន្ន ៥.៥ម ។ បញ្ហាប្រឈមដែលប៉ះពាល់លំហូរទឹក គឺសំណង់ផ្ទះសម្បែងរបស់ប្រជាជនដែលរស់នៅតាមសងខាងនៃស្ទឹង រុក្ខជាតិធំៗដុះក្នុងដងស្ទឹង និងការកកស្ទះដោយកាកសំណល់ជាដើម។
សូមជម្រាបជូនថា ការចុះពិនិត្យនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ក្នុងការថែរក្សា គ្រប់គ្រងធនធានទឹក បរិស្ថានទឹក និងការពារជីវភាព របស់ប្រជាពលរដ្ឋក្នុងតំបន់៕
















