នាព្រឹកថ្ងៃសៅរ៍ ៥ កើត ខែអជ្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប ទទួលបន្ទុកផ្លូវជាតិលេខ៦ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទូទៅនារដូវវស្សាតាមបណ្តាស្ទឹង ស្ថិតនៅក្នុងខេត្តកំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។
គោលបំណងនៃការចុះពិនិត្យជាក់ស្តែង គឺដើម្បីវាយតម្លៃអំពីស្ថានភាពធនធានទឹក បរិស្ថាន និងការប្រើប្រាស់ស្ទឹងនារដូវវស្សា ដោយផ្តោតលើការពង្រឹងប្រព័ន្ធគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព បញ្ជៀសការលិចលង់ និងសម្រាប់បម្រើដល់ផលប្រយោជន៍ជូនដល់ប្រជាជនដែលរស់នៅក្នុងតំបន់។ ឯកឧត្តម ខូវ មាស បានលើកឡើងថា ការចុះពិនិត្យនេះមានសារៈសំខាន់ក្នុងការប្រមូលព័ត៌មាន ទិន្នន័យ ជាក់ស្តែងពីតំបន់នីមួយៗ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំយុទ្ធសាស្ត្រ និងផែនការគ្រប់គ្រងធនធានទឹកក្នុងតំបន់បឹងទន្លេសាប ពិសេសតាមបណ្តាស្ទឹងទាំងជុំវិញបឹងទន្លេសាប និងបញ្ចៀសការជន់លិចនៅប៉ែកខាងលើ ឱ្យមានប្រសិទ្ធភាព ការពារ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អាជ្ញាធរទន្លេសាប បន្តផ្តល់អាទិភាពលើការអភិរក្ស និងការគ្រប់គ្រងធនធានទឹក ដោយសហការជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយម នៃបណ្តាខេត្តជុំវិញបឹងទន្លេសាប អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងសហគមន៍ក្នុងតំបន់។ ការចូលរួមរបស់ប្រជាពលរដ្ឋ ក៏ជាកត្តាសំខាន់សម្រាប់ការការពារ និងប្រើប្រាស់ធនធានទឹកឱ្យមានប្រសិទ្ធភាព៕





















