ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេសអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់-ទទួលការងារបោះបង្គោលព្រំដីតំបន់កាត់ឆ្វៀល តំបន់១ តំបន់២ ស្ថិតក្នុងតំបន់៣ នៃភូមិសាស្ត្រខេត្តពោធិ៍សាត់ ជំហានទី២ ចំនួន ៦៥០បង្គោល។
សូមជម្រាបថា ការងារបោះបង្គោលព្រំដីតំបន់កាត់ឆ្វៀលគឺជាកិច្ចការចាំបាច់ត្រូវបន្តអនុវត្តបោះបង្គោលការពារអោយបានចប់សព្វគ្រប់នៅតាមតំបន់កាត់ឆ្វៀលដែលមានទម្រង់ដូចស្បែកខ្លានៅក្នុងតំបន់៣ តាមបណ្តាខេត្តទាំង៦ជុំវិញបឹងទន្លេសាប ដើម្បី ១. ការពារទប់ស្កាត់ការចូលទៅទន្ទ្រានផ្ទៃដីព្រៃលិចទឹកតំបន់៣ នៅជាប់នឹងតំបន់កាត់ឆ្វៀល ២. កំណត់ព្រំច្បាស់លាស់ ជូនប្រជាពលរដ្ឋ ងាយស្រួលដល់ការដាំដុះកសិកម្ម ឬអាស្រ័យផល និងកសាងលំនៅដ្ឋាន ដែលមិនរំលោភលើដីព្រៃការពារ និង ៣. ពន្លឿនដល់ការរៀបចំធ្វើបច្ចុប្បន្នភាពផែនទី និងការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីនិងកាគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប ។
ជារួមតាមសកម្មភាពនៃការចុះអនុវត្តបោះបង្គោលជំហានទី១ ជំហានទី២ និងជំហានទី៣ តាមតំបន់កាត់ឆ្វៀលកន្លងមក អាជ្ញាធរដែនដី សហគមន៍មូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ បានគាំទ្រ និងសំណូមពរ អោយ អាជ្ញាធរទន្លេសាប ចុះអនុវត្តបោះបង្គោលកាត់ឆ្វៀលអោយបានលឿន និងគ្រប់ទីតាំងតំបន់ដែលកាត់ឆ្វៀល៕


























