Friday, July 10, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី សេចក្តីព្រាង​របាយការណ៍​តាមដាន​ភាពសម្បូរ​ត្រី និង​ភាព​ចម្រុះ​ប្រភេទ​ត្រី និង​ពិនិត្យ​លើ​ការគ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ នៅ​ខេត្តកំពង់ឆ្នាំង

​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី សេចក្តីព្រាង​របាយការណ៍​តាមដាន​ភាពសម្បូរ​ត្រី និង​ភាព​ចម្រុះ​ប្រភេទ​ត្រី​ឆ្នាំ​២០២៣-២០២៤ និង​ពិនិត្យ​លើ​ការគ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ​នៅ​ខេត្តកំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តំណាង​រដ្ឋបាល​ជលផល តំណាង​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​ជំនាញការ​ថ្នាក់​តំបន់​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​(Mekong River Commission-MRC)​។​
​សូមជម្រាបថា គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​អនុវត្ត​កម្មវិធី​ត្រួតពិនិត្យ​ភាពសម្បូរ​ត្រី និង​ភាព​ចម្រុះ​នៃ​ប្រភេទ​ត្រី (FADM) ជា​ប្រព័ន្ធ​ត្រួតពិនិត្យ​ការនេសាទ​ទូទាំង​អាង​ទន្លេមេគង្គ​ជាប្រចាំ​នៅតាម​បណ្តា​ប្រទេស​អនុតំបន់​ទន្លេមេគង្គ រហូតមកដល់​ពេលបច្ចុប្បន្ន​។ កម្មវិធី​នេះ​បានផ្តល់​ព័ត៌មាន​ស្តង់ដារ និង​មាន​រយៈពេល​វែង ដើម្បី​វាយតម្លៃ​ស្ថានភាព និង​និន្នាការ​នៃ​ការនេសាទ​ត្រី​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម និង​ដើម្បី​គាំទ្រ​ដល់​ការគ្រប់គ្រង​ធនធានទឹក​ក្នុង​តំបន់ ក៏ដូចជា​ការធ្វើ​ការសម្រេច​ចិត្ត​លើ​ការនេសាទ​ត្រី​។ កម្មវិធី​នេះ​បានរួម​ចំណែក​ដោយផ្ទាល់​ដល់​សូចនាករ​ចំនួន​ប្រាំ​ដែល​ទាក់ទង​នឹង​ការនេសាទ​នៃ​ក្របខ័ណ្ឌ​សូចនាករ​ក្នុង​អាង​ទន្លេមេគង្គ​៖ (i) ភាព​ចម្រុះ​នៃ​ត្រី (ii) ភាពសម្បូរ​នៃ​ត្រី (iii) កិច្ចខិតខំ​ប្រឹងប្រែង​នេសាទ (iv) ទំហំ​ត្រី និង (v) ភាព​ចម្រុះ និង​ភាពសម្បូរ​នៃ​ប្រភេទ​សត្វ​ដែល​បាន​ណែនាំ បាន​ពិនិត្យ​រួមគ្នា ដើម្បី​ផ្តល់នូវ​ការយល់ដឹង​រួមបញ្ចូល​គ្នា​អំពី​និន្នាការ និង​ស្ថានភាព​នៃ​ការនេសាទ​។​
​សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់ៗ​៖

  • ពិនិត្យ និង​ពិភាក្សា​អំពី​របាយការណ៍​តាមដាន​ភាពសម្បូរ​ត្រី និង​ភាព​ចម្រុះ​ប្រភេទ​ត្រី​ឆ្នាំ​២០២៣-២០២៤ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ និង​ការរកឃើញ​សំខាន់ៗ​។​
  • ពិនិត្យឡើងវិញ​នូវ​ការអនុវត្ត ការតាមដាន​ភាពសម្បូ​រ​ត្រី និង​ភាព​ចម្រុះ​ប្រភេទ​ត្រី (FADM) ការតាមដាន​កូន​ត្រី​ម្ស៉ៅ (FLDM) និង​ការគ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ​។​
  • លើក​អំពី​បញ្ហា​ប្រឈម​នានា​នៅតាម​តំបន់ និង​ឱកាស​សម្រាប់​ការកែលម្អ​៕

ព័ត៌មាន និងព្រឹត្តិការណ៍