នាថ្ងៃសុក្រ ៤រោច ខែមឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន បានដឹកនាំក្រុមការងារបច្ចេកទេសអនុវត្តគម្រោងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ សៀមរាប និងខេត្តបាត់ដំបង ចុះត្រួតពិនិត្យ ជួសជុល និងថែទាំឧបករណ៍ស្ថានីយជលសាស្ត្រ និងឧតុនិយមស្វ័យប្រវត្តិ ចំនួន ៥ស្ថានីយ (៤ទីតាំង) ស្ថិតនៅក្នុងខេត្តកំពង់ធំ សៀមរាប និងខេត្តបាត់ដំបង។ ក្រុមការងារ បានចុះពិនិត្យ ជួលជុល និងថែទាំស្ថានីយ ដូចខាងក្រោម៖
១). ធ្វើការថែទាំ សម្អាតឧបករណ៍ និងតេស្តឡើងវិញពីសុក្រឹត្យភាពនៃការបញ្ជូនទិន្នន័យជលសាស្ត្រ និងឧតុនិយម មកម៉ាស៊ីនមេផ្ទុកទិន្នន័យ (Main Server Data Storage) ពីស្ថានីយ (HR) ស្ថិតនៅដងស្ទឹងជីនិត ភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ
២). ធ្វើការថែទាំ សម្អាតឧបករណ៍ និងតេស្តឡើងវិញ ព្រមទាំងសិក្សាជ្រើសរើសឡើងវិញនៅទីតាំងថ្មីសម្រាប់ដំឡើងស្ថានីយ (AWS, H.Q.R) ស្ថិតនៅដងស្ទឹងសែន ឃុំតាអោក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
៣). ធ្វើការថែទាំ សម្អាតព្រៃ ឧបករណ៍ស្ថានីយ និងតេស្តឡើងវិញស្ថានីយ (H.Q.R) ស្ថិតនៅដងស្ទឹងស្រែង ឃុំថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប
៤). ជួសជុល ថែទាំឧបករណ៍ស្ថានីយ សម្អាតកំប្លោក និងលាបថ្នាំ ចាក់បេតុងបង្គោលទម្រស្ថានីយជលសាស្ត្រ (HR) ចំណុចបឹងទន្លេសាប (ព្រែកទាល់-ស្ទឹងសង្កែ) ឃុំកោះជីវាំង ស្រុកឯកភ្នំ។
សូមបញ្ជាក់ជូនថា កន្លងមកអាជ្ញាធរទន្លេសាបបានដំឡើងស្ថានីយជលសាស្ត្រ និងឧតុនិយមដោយស្វ័យប្រវត្តិ ចំនួន ១១ស្ថានីយ លើ ៨ទីតាំង ដែលទទួលបានពីគម្រោងកិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រ និងស្វ័យប្រវត្តិកម្មការអភិរក្សទឹកណានជីង (មេគង្គ-ឡាងឆាង) នៃក្រសួងធនធានទឹកចិន ក្រោមគម្រោងសាកល្បងនៃការអង្កេតទិន្នន័យជលសាស្ត្រ និងបច្ចេកវិទ្យាបញ្ចូនស្វ័យប្រវត្តិ តំបន់អាងទន្លេសាប ឆ្នាំ២០២១-២០២២ ៕



















