នាថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ម សុធា ប្រធានការិយាល័យជីវចម្រុះ ក្នុងនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “ប្រពន្ធ័គ្រប់គ្រងសង្គម និងបរិស្ថាននៃការសាកល្បងមូលនិធិមេគង្គផ្នែកប្រព័ន្ធអេកូឡូស៊ី” នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ទ្រៃយ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងបរិស្ថាន អគ្គនាយកដ្ឋានជលផល មហាវិឡាល័យជលផល និងវារីវប្បកម្ម មន្ទីរធនធានទឹក និងឧតុនិយម(ខេត្តកំពង់ធំ កំពង់ចាម ក្រចេះ និងស្ទឹងត្រែង) មន្ទីរបរិស្ថាន(ខេត្តកំពង់ធំ កំពង់ចាម ក្រចេះ និងស្ទឹងត្រែង) អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ(IUCN) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) គណៈកម្មាធិការទន្លេមេគង្គប្រចាំប្រទេសឡាវ និងអ្នកជំនាញការគ្រប់គ្រងបរិស្ថាន និងសង្គមមកពីប្រទេសអាល្លឺមង់ ។
សិក្ខាសាលានេះមានគោលបំណង:
១. ពិនិត្យ និងពិភាក្សាអំពីការរៀបចំបឋមសម្រាប់ប្រព័ន្ធគ្រប់គ្រងសង្គម និងបរិស្ថាន “ESMS”
២. ពិភាក្សាអំពីនីតិវិធីសម្រាប់ការដាក់បញ្ចូលការគ្រប់គ្រងបរិស្ថាន និងសង្គម ដែលត្រូវការនៅក្នុងនីតិវិធីប្រតិបត្តិការ និងការផ្សព្វផ្សាយ និងទទួលសំណើរគម្រោងនៃការសាកល្បងមូលនិធិមេគង្គផ្នែកប្រព័ន្ធអេកូឡូស៊ី
៣. ដើម្បីធានាការទទួលខុសត្រូវនៃប្រព័ន្ធគ្រប់គ្រងសង្គម និងបរិស្ថាន ដែលបានស្នើឡើងមានភាពសមស្របជាមួយសមត្ថភាព និងធនធាននៅថ្នាក់ជាតិ
៤. ប្រមូលធាតុចូលដើម្បីធ្វើបច្ចុប្បន្នភាព និងការកែតម្រូវចំពោះការរៀបចំបឋមសម្រាប់ប្រព័ន្ធគ្រប់គ្រងសង្គម និងបរិស្ថានឱ្យដំណើរការពេញលេញ និងរលូន៕











