Tuesday, June 9, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អាជ្ញាធរ​ទន្លេសាប TSA និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម​អភិរក្ស​ទឹក NIHWA និង​ចូលរួម​បិទ​សិក្ខាសាលា ស្តីពី​ការលើកកម្ពស់​សមត្ថភាព​បង្ការ​ជំនន់​ទឹកភ្លៀង និង​ជំនោរ​ទឹកសមុទ្រ​នៅ​តំបន់ឆ្នេរ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​នា​ថ្ងៃអាទិត្យ ៧​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត និង​ទទួល​សិទ្ធិ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អាជ្ញាធរ​ទន្លេសាប TSA នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម​អភិរក្ស​ទឹក NIHWA នាទី​ក្រុង​ណាន​ជី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
​សូម​ជម្រាបជូន​ថា អនុស្សរណៈ​យោគយល់​គ្នា​ដែល​ត្រូវបាន​ចុះហត្ថលេខា​នាពេលនេះ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​ការចែករំលែក​បទពិសោធ​ន៍ ទិន្នន័យ និង​ព័ត៌មាន ការស្រាវជ្រាវ​រួម ការអភិវឌ្ឍ​គម្រោង និង​ការកសាង​សមត្ថភាព​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ធនធានទឹក និង​ជីវចម្រុះ ក្នុង​គោលដៅ​គាំទ្រ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ទន្លេសាប និង​ការពិនិត្យ និង​សិក្សា​រួមគ្នា​ក្នុងការ​រៀបចំ​សំណើ​អនុវត្ត​គម្រោង រួម​ជាមួយនឹង​ការបន្ត​កិច្ចសហប្រតិបត្តិការ​លើ​ការថែទាំ ជួសជុល និង​នវានុវត្តន៍​ទិន្នន័យ ព័ត៌មាន​ជលសា​ស្ត្រ ឧតុនិយម និង​គុណភាព​ទឹក​នៃ​ស្ថានីយ​ជល​ជលសា​ស្ត្រ និង​ឧតុនិយម ក្រោម​ការផ្តល់​ជំនួយ​បច្ចេកទេស​ពី​ភាគី​ចិន​នាពេល​កន្លងមក​ផងដែរ​។​
​សូមបញ្ជាក់​ជូន​ថា សិក្ខាសាលា ស្តីពី​ការលើកកម្ពស់​សមត្ថភាព​បង្ការ​ជំនន់​ទឹកភ្លៀង និង​ជំនោរ​ទឹកសមុទ្រ​នៅ​តំបន់ឆ្នេរ ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​គ័ង​ចូ​វ កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៦ ដែលមាន​សមាសភាព​ចូលរួម​មកពី​ប្រទេស​ចំនួន ៤ មាន​ប្រទេស​កម្ពុជា បង់​ក្លា​ដេ​ស ម៉ាឡេស៊ី និង​ប្រទេស​អាហ្វ្រិក​ខាងត្បូង បានបញ្ចប់​នៅ​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ទីក្រុង​ណាន​ជី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕

ព័ត៌មាន និងព្រឹត្តិការណ៍