កាលពីថ្ងៃពុធ ១៣រោច ខែអាសាឍ ដល់ថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសបន្តចុះសិក្សាស្រាវជ្រាវតាមដានវិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្ត្រ និងផលប៉ះពាល់ធនធានត្រី និងជីវៈចម្រុះគ្រប់ប្រភេទនៅក្នុងតំបន់អភិរក្សត្រីមេពូជព្រែកតាចាន់របស់សហគមន៍នេសាទស្រីចឹក និងតំបន់ទំនាបលិចទឹកពាមស្ទឹងពោធិ៍សាត់ ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ការចុះសិក្សានេះ ក្រុមការងារបានធ្វើការលើ ៖
- សម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា
- ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផល
- សម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតំបន់អភិរក្សសត្វស្លាប និងជីវៈចម្រុះគ្រប់ប្រភេទក្នុងតំបន់សិក្សា ដើម្បីប្រមូលទិន្នន័យ/ព័ត៌មានលើប្រភេទនីមួយៗ។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវតាមដានវិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្ត្រ និងផលប៉ះពាល់ធនធានត្រី និងជីវៈចម្រុះគ្រប់ប្រភេទ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង៖ - តាមដាន និងវាយតម្លៃប្រភេទធនធានជលផល ទៅតាមប្រភេទឧបករណ៍នេសាទក្នុងតំបន់សិក្សា
- បច្ចុប្បន្នភាពប្រភេទសត្វស្លាប និងថនិកសត្វក្នុងតំបន់សិក្សា៕









