Thursday, September 24, 2026

ក្រុមការងារ​បច្ចេកទេស របស់​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ស្តីអំពី “​ការធ្វើ​ម៉ូ​ដែល​សំណល់​ប្លា​ស្ទិ​ក​ក្នុង​ស្ទឹង និង​ទន្លេ​ករណី​សិក្សា នៅ​ដៃ​បឹង​ទន្លេសាប​” នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)​

​នា​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ ក្រុមការងារ​បច្ចេកទេស របស់​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ស្តីអំពី “​ការធ្វើ​ម៉ូ​ដែល​សំណល់​ប្លា​ស្ទិ​ក​ក្នុង​ស្ទឹង និង​ទន្លេ​ករណី​សិក្សា នៅ​ដៃ​បឹង​ទន្លេសាប​” នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)​។ សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ រៀបចំ​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) ដែលមាន​កិច្ចសហការ​ពី ASEAN-Norwegian Cooperation Project, Norwegian Institute for Water Research (NIVA) ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, អាជ្ញាធរ​ទន្លេសាប​, សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, វិទ្យាស្ថាន​ធនធាន​អភិវឌ្ឍន៍​កម្ពុជា (CDRI), អង្គការ​អភិវឌ្ឍ​ជំនាញ​ទឹកស្អាត និង​អនាម័យ (WASH), ជំនាញការ​ជាតិ និង​អន្តរជាតិ​, សាស្ត្រាចារ្យ និង​និស្សិត វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា ដែលមាន​សមាសភាព​ចូលរួម​សរុប​ប្រមាណ ៣០​នាក់​។​
​គោលបំណង នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​៖
១. ពន្យល់​អំពី​ក្របខ័ណ្ឌ​គំរូ​សម្រាប់​លំហូរ​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ ដែល​ត្រូវបាន​អនុវត្ត​ដោយ NIVA រួមទាំង​ការ​សន្មត​នានា តម្រូវការ​ទិន្នន័យ និង​លទ្ធផល​ដែល​ទទួលបាន​
២. ធ្វើការ​បង្ហាញ​ពី​ការអនុវត្ត​ករណី​សិក្សា​នៅក្នុង​ដៃទន្លេ​មួយ​នៃ​បឹង​ទន្លេសាប និង​ទិន្នន័យ​ជាក់ស្តែង​ពី វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) (​ឆ្នាំ ២០២៤-២០២៥) ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គំរូ​នេះ​
៣. ផ្លាស់ប្តូរ​យោបល់​អំពី​របៀប​ដែល​លទ្ធផល នៃ​ការធ្វើ​គំរូ​អាច​ផ្តល់ព័ត៌មាន​សម្រាប់​ការរៀបចំ​ផែនការ​តាមដាន និង​ផែនការ​កាត់បន្ថយ​ផលប៉ះពាល់​នៅក្នុង​អាង​ទន្លេ​
៤. កំណត់​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​បន្ត ការចែករំលែក​ទិន្នន័យ និង​ការកសាង​សមត្ថភាព រួមទាំង​ការវាយតម្លៃ​អំពី​មីក្រូ​ផ្លា​ស្ទិ​ក (microplastics)​។​
​សូម​ជម្រាបជូន​ថា គម្រោង​សហប្រតិបត្តិការ​អាស៊ាន​-​ន័​រ​វែ​ស ស្តីពី​ការកសាង​សមត្ថភាព​ថ្នាក់​តំបន់​សម្រាប់​ការកាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិ​ក ដំណាក់កាល​ទី ២ (ASEANO2) គឺជា​គំនិត​ផ្តួចផ្តើម​ផ្នែក​ស្រាវជ្រាវ និង​ការកសាង​សមត្ថភាព ដែល​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី​ក្រសួងការបរទេស​ន័​រ​វែ​ស និង​គ្រប់គ្រង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ទឹក​ន័​រ​វែ​ស (NIVA) សហការ​ជាមួយ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​អាស៊ីអាគ្នេយ៍ (CSEAS)​។ នៅក្នុង​ប្រទេស​កម្ពុជា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) គឺជា​ដៃគូ​អនុវត្ត​ផ្នែក​វិទ្យាសាស្ត្រ​ធម្មជាតិ ដោយ​ធ្វើការ​តាមដាន​នៅ​សៀមរាប កំពង់​ឃ្លាំង និង​ស្ទឹង​សង្កែ ដែល​សុទ្ធសឹង​ជា​ដៃទន្លេ ហូរ​ចូល​បឹង​ទន្លេសាប​។ សិក្ខាសាលា​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ការងារ​ស្តីពី​ការអប់រំ និង​ការផ្សព្វផ្សាយ​របស់​គម្រោង​៕

ព័ត៌មាន និងព្រឹត្តិការណ៍