នាថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី សប្តស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃពីការកែច្នៃត្រីស្ថិតនៅឃុំកែវពណ៌ ស្រុកពួក និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ ៖ ១. អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ២. សម្ភាសន៍ជាមួយអ្នកកែច្នៃត្រី ៣. សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី និងអ្នកនេសាទ។
សូមជម្រាបជូនថា ការចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃពីការកែច្នៃត្រី គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប ។ ការសិក្សានេះមានសារៈសំខាន់ ដែលអាចឱ្យយើងបានដឹងពីស្ថានភាពនៃធនធានជលផល ស្ថានភាពនៃការធ្វើអាជីវកម្មធនធានជលផល ដឹងពីបរិមាណនៃផលចាប់របស់អ្នកនេសាទ ភាពសម្បូររបស់ត្រី តម្រូវការទីផ្សារ តាមដានបរិមាណត្រីយកមកធ្វើការកែច្នៃ បច្ចេកទេសនៃការកែច្នៃ តម្លៃទីផ្សារ ចរន្តទីផ្សារ បញ្ហាប្រឈម និងផលប៉ះពាល់នៃការធ្វើអាជីវកម្មធនធានធម្មជាតិនៅក្នុងតំបន់បឹងទន្លេសាប៕













