នាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានអចិន្ត្រៃយ៍អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប រួមជាមួយនឹងលោកបណ្ឌិត អ៊ុក សុវណ្ណារ៉ា ជំនួយការផ្ទាល់របស់ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍អាជ្ញាធរទន្លេសាប បានចូលរួមកិច្ចពិភាក្សានៅប្រទេសសិង្ហបុរី ស្តីពីសន្តិសុខទឹក និងភាពធន់ក្នុងវិស័យធនធានទឹក ជាមួយនឹងធនាគារពិភពលោក (World Bank) មជ្ឈមណ្ឌលទឹកនៃសិង្ហបុរី (Singapore Water Centers) និងតំណាងប្រទេសមួយចំនួនក្នុងតំបន់អាសុីប៉ាស៊ីហ្វិក។
កិច្ចពិភាក្សាផ្តោតសំខាន់លើ ការចែករំលែកអំពីបទពិសោធន៍ និងកត្តាប្រឈមនានាពាក់ព័ន្ធនឹងសន្តិសុខទឹក តម្រូវការគាំទ្រជំនួយបច្ចេកទេសលើការគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈម និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខទឹក។
សូមជម្រាបថា ក្នុងឱកាសនេះដែរ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍អាជ្ញាធរទន្លេសាប ក៏បានចូលរួមគំនិត និងលើកឡើងពីបញ្ហា និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខទឹក និងភាពធន់សម្រាប់ប្រទេសកម្ពុជា ដោយរាជរដ្ឋាភិបាលបានចាត់ទុកជាបញ្ហាអាទិភាព និងបានកំណត់នៅក្នុងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ជាមួយនេះ ឯកឧត្តម ក៏បានផ្សារភ្ជាប់បញ្ហាប្រឈមពាក់ព័ន្ធទៅនឹងសន្តិសុខទឹកក្នុងអាងទន្លេសាប និងតម្រូវការគាំទ្រជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីធនាគារពិភពលោក និងមជ្ឍមណ្ឌលទឹកនៃសិង្ហបុរីផងដែរ៕












