ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប កាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប បានបន្តចុះពិនិត្យជាក់ស្តែងស្ថានភាពនៃកម្ពស់ទឹកនារដូវវស្សា ផ្នែកខាងលើ និងខាងក្រោមផ្លូវជាតិលេខ៦ នៅទីតាំងស្ពានខ្នាត ស្ពានព្រះទិស ស្ពានជីក្រែង នៃតំបន់ស្ទឹងជីក្រែង ស្ពានច្រេះ ស្ពានអូរបឹងក្រមោល ស្ពានស្អាង ព្រែករមាស ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។
ការបន្តចុះពិនិត្យនេះ ដើម្បីប្រមូលព័ត៌មានទិន្នន័យ កម្ពស់ទឹក របបជលសាស្ត្រ សម្រាប់ធ្វើការសិក្សាវិភាគ វាយតម្លៃ អំពីស្ថានភាព និងលទ្ធភាព នៃលំហូរទឹកពីតំបន់ភូមិសាស្ត្រ ស្ពានកំពង់ក្តី ស្ពានថ្ម ស្ពានខ្ពស់ និងបណ្តារប្រឡាយ លូកាត់ផ្លូវទៅផ្នែកខាងក្រោមធ្លាក់ចូលទៅបឹងទន្លេសាប៕














