នារសៀលថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីអាជ្ញាធរទន្លេសាប ដោយមានការចូលរួមពីតំណាងក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ស្តីពីការអង្កេតផែនការលម្អិត សម្រាប់ការសិក្សាផែនការមេ ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ រួមទាំងលទ្ធភាពនៃគម្រោងអាទិភាពផ្សេងៗទៀត នៅសាលប្រជុំអាជ្ញាធរទន្លេសាប។
សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សាខាងលើនេះ ដើម្បី៖ (១).ពិនិត្យលើគោលបំណងនៃគម្រោងបង្កើតផែនការមេរយៈពេលវែង សម្រាប់ការអភិវឌ្ឍលើការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ និង(២).JICA ធ្វើការអង្កេតផែនការលម្អិតសម្រាប់គម្រោង ដើម្បីវាយតម្លៃស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមនៃប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងតំបន់គោលដៅ និងពិភាក្សាលម្អិតអំពីគម្រោង រចនាសម្ព័ន្ធនៃការអនុវត្ត និងបញ្ហាផ្សេងៗទៀតជាមួយស្ថាប័នពាក់ព័ន្ធនៅកម្ពុជា៕











