នាថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប និងក្នុងនាមតំណាង ឯកឧត្តម អគ្គលេខាធិការអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការតាមដាន និងត្រួតពិនិត្យលើការកាប់ទន្ទ្រានព្រៃលិចទឹក និងការបន្តចូលអាស្រ័យផលក្នុងតំបន់៣ ដែលជាតំបន់ត្រូវការពារ ស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានការចូលរួមពី អភិបាលរង នៃគណៈអភិបាលស្រុកឯកភ្នំ លោកប្រធានភូមិបាលស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកមេបញ្ជារងកងរាជអាវុធហត្ថស្រុក លោកអធិការរងស្រុក នាយផ្នែកជលផល លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងប្រធានសហគមន៍ ។
កិច្ចប្រជុំមានគោលបំណង៖
- ជំរុញបន្តពង្រឹងការត្រួតពិនិត្យតាមដានជាប្រចាំ តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែងក្នុងតំបន់៣ ដោយផ្តោតលើសកម្មភាពនៃការកាប់ទន្ទ្រាន ការកាន់កាប់ និងប្រើប្រាស់ដីព្រៃលិចទឹកតំបន់៣ដោយខុសច្បាប់
- ជំរុញវិធានការផ្លូវច្បាប់ក្នុងគោលបំណងទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា សំដៅការពារ និងអភិរក្សព្រៃលិចទឹក ព្រមទាំងធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងចីរភាព
- លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយ អប់រំ អំពីអត្ថប្រយោជន៍តំបន់៣ ដល់សហគមន៍ និងប្រជាពលរដ្ឋ ក្នុងការការពារ និងចូលរួមអភិរក្សព្រៃលិចទឹក ដែលជាជម្រក និងតំបន់ត្រីពងកូន
- ជំរុញការអនុវត្តវិធានការអភិរក្ស និងដាំស្តារព្រៃលិចទឹកឡើងវិញដែលរងការខូចខាត ដើម្បីការពារប្រព័ន្ធអេកូឡូស៊ី ធនធានជលផល និងជីវៈចម្រុះគ្រប់ប្រភេទនៅតំបន់បឹងទន្លេសាប៕



















