ព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នាសាលប្រជុំអាជ្ញាធរទន្លេសាប ឯកឧត្ដម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប ជួបប្រជុំពិភាក្សាការងារ ជាមួយលោកបណ្ឌិត ណាកាម៉ូរា តាកាស៊ី (Dr. NAKAMURA Takashi) សាស្ត្រាចារ្យ និងកញ្ញា ដេត មួយគាង និស្សិតបរិញ្ញាបត្រជាន់ខ្ពស់នៃសកលវិទ្យាល័យយ៉ាម៉ាណាស៊ី (University of Yamanashi) តាមរយៈ Virtual Microsoft Team Meeting Room (Video Conference)។
កិច្ចប្រជុំនេះ ដើម្បីពិនិត្យលើសេចក្ដីព្រាងអនុស្សរណៈយោគយល់គ្នា MoU រវាងស្ថាប័នទាំងពីរ អាជ្ញាធរទន្លេសាប និងសកលវិទ្យាល័យយ៉ាម៉ាណាស៊ី University of Yamanashi ក្នុងនោះផ្ដោតលើផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការចំនួន ៤ ចំណុច រួមមាន៖ ១. ចូលរួមលើសកម្មភាពការសិក្សាស្រាវជ្រាវរួមគ្នា នៅតំបន់ទន្លេសាប ២. ការផ្លាស់ប្តូរចំណេះដឹងលើការសិក្សា និងបច្ចេកទេស តាមរយៈនិស្សិត និងមហាវិទ្យាល័យ ៣. ការចែករំលែកទិន្នន័យ និងការវិភាគរួមគ្នាទៅវិញទៅមក និង ៤. ការបោះពុម្ពលើការសិក្សាស្រាវជ្រាវ ដោយមានការនិពន្ធរួមគ្នា និងសិក្ខាសាលារួមគ្នា ដែលផ្តោតលើការបំពុលដោយអាសូត។ សូមជម្រាបជូនថា អនុស្សរណៈយោគយល់គ្នា MoU រវាងស្ថាប័នទាំងពីរលើកិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់លើការសិក្សាអំពីគុណភាពទឹក នៅតំបន់ជុំវិញបឹងទន្លេសាប៕








