Thursday, April 23, 2026

ក្រុមការងារ​បច្ចេកទេស​ផ្នែក​ប្រព័ន្ធ​ទិន្នន័យ​ព័ត៌មាន​ភូមិសាស្ត្រ​និង​ផែនទី នៃ​អាជ្ញាធរ​ទន្លេសាប ចូលរួម​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ Datum CGD2023 និង​ការប្រើប្រាស់​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយរណប​(CORS) នៅ​កម្ពុជា​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក​ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ លោក ហេង បូរាណ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​និង​ក្រុមការងារ​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ Datum CGD2023 និង​ការប្រើប្រាស់​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយរណប (CORS) នៅ​កម្ពុជា រៀបចំ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។
​គោលបំណង​នៃ​សិក្ខាសាលា​ដើម្បី ៖ ១- ផ្សព្វផ្សាយ អំពី​ការប្រើប្រាស់​ប្រព័ន្ធ Datum ថ្មី​ឈ្មោះថា CambodiaGeodetic Datum2023 (CGD2023) ឱ្យមាន​ការឯកភាព​គ្នា និង ២- ផ្សព្វផ្សាយ​ដំណើរការ​នូវ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយរណប (CORS) និង​តារាង​កម្រៃ​សេវា​នៃ​ការប្រើប្រាស់​សេវាកម្ម​វាស់វែង​។
​សូម​ជម្រាបជូន​ថា សិក្ខាសាលា​ថ្នាក់ជាតិ​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ត្រី​ជំនាញ​បច្ចេកទេស​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​ឯកទេស​ជំនាញ​វាស់វែង​, និង​ជាពិសេស​មន្ត្រី​ជំនាញ​ពី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី ខេត្ត​ទាំង ២៥ ព្រមទាំង​មានការ​ធ្វើ​បទ​បង្ហាញ ពី​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ចំណុះឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​វាស់វែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍