Thursday, April 23, 2026

ក្រុមការងារ​បច្ចេកទេស​ការិយាល័យ​ធនធាន​រ៉ែ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ធនធាន​រ៉ែ និង​ផលប៉ះពាល់​ពី​ការទាញយក​ធនធាន​រ៉ែ នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប ស្ថិតនៅ​ស្ទឹងសែន នៃ​ខេត្តកំពង់ធំ​

​នា​ថ្ងៃ​ចន្ទ ៣​កើត ខែស្រាព​ណ៍ ដល់​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ លោក ខូវ វេ​ង​សុង ប្រធានការិយាល័យ​ធនធាន​រ៉ែ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ ចុះ​សិក្សា​ស្រាវជ្រាវ​បន្ត​ពី​ធនធាន​រ៉ែ និង​ផលប៉ះពាល់​ពី​ការទាញយក​ធនធាន​រ៉ែ នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប ស្ថិតនៅ​ស្ទឹងសែន ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ​, សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន និង​ឃុំ​ត្បូង​ក្រពើរ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ ការចុះ​សិក្សា​នេះ​ក្រុមការងារ​បាន​៖
១. ជួប​ជាមួយ​មន្ទីរ​រ៉ែ និង​ថាមពល និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ធំ ដើម្បី​សហការ​សុំ​ព័ត៌មាន និង​ទិន្នន័យ អំពី​ធនធាន​រ៉ែ និង​ទីតាំង​ទាញយក​ធនធាន​រ៉ែ នៅតាម​អាង​ស្ទឹងសែន និង​ការប្រកប​អាជីវកម្ម​ធនធាន​រ៉ែ​
២. ជួប​ជាមួយ​អាជ្ញាធរ​ដែនដី និង​ម្ចាស់​បូម​ខ្សាច់ នៅតាម​ទីតាំង​សិក្សា ដើម្បី​ទទួលបាន​ព័ត៌មាន​ទូទៅ និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ និង​បញ្ហា​ផ្សេងៗ ដែល​កើតមានឡើង​នៅតាម​ទីតាំង​សិក្សា​
៣. ពិនិត្យ​ជាក់ស្តែង និង​វាយតម្លៃ​ពី​ទំហំ​-​បរិ​មាណនៃ​ការទាញយក​ធនធាន​រ៉ែ និង​វាយតម្លៃ​លើ​ស្ថានភាព​ផលប៉ះពាល់​ការបាក់​ច្រាំង​ស្ទឹង និង​ការប្រែប្រួល​រូបរាង​ស្ទឹង​
៤. ប្រើប្រាស់​ដ្រូ​ន​ជា​ជំនួយ​ថតរូប​ពីលើ​អាកាស​បន្ថែម​លើ​ការចុះ​សិក្សា​ជាក់ស្តែង​។​
​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ធនធាន​រ៉ែ និង​ផលប៉ះពាល់​ពី​ការទាញយក​ធនធាន​រ៉ែ នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖

  • សិក្សា​វាយតម្លៃ​ផលប៉ះពាល់​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​
  • សិក្សា​វាយតម្លៃ​លើ​ភាពប្រែប្រួល​រូបរាង​ស្ទឹងសែន និង​
  • រៀបចំ​ផែនទី​ទីតាំង​ធនធាន​រ៉ែ និង​ការទាញយក​ធនធាន​រ៉ែ នៅតាម​អាង​ស្ទឹងសែន​៕

ព័ត៌មាន និងព្រឹត្តិការណ៍