Thursday, April 23, 2026

ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន និង​ការិយាល័យ​ធនធាន​រ៉ែ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ធនធាន​រ៉ែ និង​ផលប៉ះពាល់​ពី​ការទាញយក​ធនធាន​រ៉ែ នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប ស្ថិតនៅក្នុង​ដងស្ទឹង​ពោធិ៍សាត់ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​

​កាលពី​ថ្ងៃ​ចន្ទ ៦​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៥ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ការិយាល័យ​ធនធាន​រ៉ែ នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​បន្ត​ពី​ធនធាន​រ៉ែ និង​ផលប៉ះពាល់​ពី​ការទាញយក​ធនធាន​រ៉ែ នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប ស្ថិតនៅក្នុង​ដងស្ទឹង​ពោធិ៍សាត់ ឃុំ​ស្វាយ​លួង កណ្តៀង អន្លង់​វិល និង​ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ ការចុះ​សិក្សា​នេះ​ក្រុមការងារ​បាន​៖
១. ជួប​ជាមួយ​អាជ្ញាធរ​ដែនដី អាជីវករ​លក់​សម្ភារៈ​សំណង់ និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ពោ​ធី៍​សាត់ ដើម្បី​ប្រមូល​ព័ត៌មាន ទិន្នន័យ អំពី​ធនធាន​រ៉ែ និង​ទីតាំង​ទាញយក​ធនធាន​រ៉ែ នៅតាម​ដងស្ទឹង និង​ការប្រកប​អាជីវកម្ម​ធនធាន​រ៉ែ​។​ល​។​
២. បន្ត​ចុះ​ពិនិត្យ និង​សិក្សា​ស្វែងយល់​ជាមួយ​អាជ្ញាធរ​ដែនដី និង​ម្ចាស់​បូម​ខ្សាច់ នៅតាម​ទីតាំង​សិក្សា ដើម្បី​ទទួលបាន​ព័ត៌មាន​ទូទៅ និង​ការធ្វើ​ទាញយក​ធនធាន​រ៉ែ​ខ្សាច់ និង​បញ្ហា​ផ្សេងៗ ដែល​កើតមានឡើង​នៅតាម​ទីតាំង​សិក្សា​
៣. ពិនិត្យ​ជាក់ស្តែង និង​វាយតម្លៃ​ពី​ទំហំ​-​បរិ​មាណនៃ​ការទាញយក​ធនធាន​រ៉ែ​ខ្សាច់ និង​វាយតម្លៃ​លើ​ស្ថានភាព​ផលប៉ះពាល់​ច្រាំង​ស្ទឹង ការប្រែប្រួល​រូបរាង​ស្ទឹង និង​លំហូរ​ទឹកស្ទឹង​។​
​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ធនធាន​រ៉ែ និង​ផលប៉ះពាល់​ពី​ការទាញយក​ធនធាន​រ៉ែ នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖

  • សិក្សា​វាយតម្លៃ​ផលប៉ះពាល់​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ខ្សាច់​
  • សិក្សា​វាយតម្លៃ​លើ​ភាពប្រែប្រួល​រូបរាង​ស្ទឹង និង​លំហូរ​ទឹកស្ទឹង​ពោធិ៍សាត់​ក្នុងពេល​ចុះ​សិក្សា
  • រៀបចំ​ផែនទី​ទីតាំង​ធនធាន​រ៉ែ និង​ការទាញយក​ធនធាន​រ៉ែ នៅតាម​ដងស្ទឹង​៕

ព័ត៌មាន និងព្រឹត្តិការណ៍