Thursday, April 30, 2026

ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ចែករំលែក​បទពិសោធន៍​ជាមួយ​សិក្ខាកាម​អន្តរជាតិ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ និង​ទ្វីប​ខុសគ្នា​សរុប​ចំនួន ៣៧ ប្រទេស ស្តីពី​ការគ្រប់គ្រង និង​ផែនការ​លើ​វិស័យ​ទឹកស្អាត ទឹក​កង្វក់ និង​អនាម័យ នៅ​រាជធានី​ភ្នំពេញ និង​អាង​ទន្លេសាប​

​នៅ​ថ្ងៃ​ពុធ ១៣​កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ របស់​អាជ្ញាធរ​ទន្លេសាប ដែលជា​គ្រូឧទ្ទេស​ក្នុង​វគ្គ​បណ្តុះបណ្តាល​ចែករំលែក​បទពិសោធន៍​លើ​ចក្ខុវិស័យ បេសកកម្ម និង​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​ទន្លេសាប ជាពិសេស “​ទឹក​សម្រាប់​ទាំងអស់គ្នា​-Water for all ” នៅ​តំបន់​អាង​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ព្រមទាំង​ការងារ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​នៅ​តំបន់​បឹង​ទន្លេសាប ដែលមាន​សិក្ខាកាម​អន្តរជាតិ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ និង​ទ្វីប​ខុសគ្នាៗ​សរុប​ចំនួន ៣៧ ប្រទេស នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា រាជធានី​ភ្នំពេញ ដែលមាន​សិក្ខាកាម​សរុប​ចំនួន ៤៨​រូប​។​
​គោលបំណង​នៃ​ការចែករំលែក​បទពិសោធ​ន៍​ក្នុង​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​អន្តរជាតិ រួមមាន​៖

  • ការចែករំលែក​បទពិសោធ​ន៍​របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប អំពី​ការគ្រប់គ្រង និង​ការរៀបចំ​ផែនការ​លើ​វិស័យ​ទឹកស្អាត ទឹក​កខ្វក់ និង​អនាម័យ​នៅក្នុង​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​
  • ការប្រែប្រួល​របប​ជលសា​ស្ត្រ​-​ឧតុនិយម និង​គុណភាព​ទឹក​នៅក្នុង​អាង​ទន្លេសាប​
  • ការងារ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​នៅ​តំបន់​អាង​ទន្លេសាប
  • វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង ការថែរក្សា និង​ការការពារ​ដែន​ព្រៃ​លិច​ទឹក ជាពិសេស​ចីរភាព និង​និរន្តរភាព​នៃ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ជាដើម​៕

ព័ត៌មាន និងព្រឹត្តិការណ៍