នាថ្ងៃចន្ទ ១៥រោច ដល់ថ្ងៃសុក្រ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ នាយកដ្ឋានធនធានធម្មជាតិ បានបន្តចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីប្រភពទឹកធម្មជាតិ និងបម្រែបម្រួលរបបជលសាស្ត្រ នៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ នៅតាមដងស្ទឹងជីនីត ស្ថិតនៅក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ។
ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរមូលដ្ឋានស្រុក សហគមន៍ ប្រជាកសិករ និងវិស័យឯកជនផ្គត់ផ្គង់ទឹកស្អាត ដើម្បីប្រមូលព័ត៌មាន-ទិន្នន័យ ផ្តល់ជាមតិយោបល់ អនុសាសន៍ និងបញ្ហាប្រឈមផ្សេងៗក្នុងតំបន់សិក្សាលើវិស័យធនធានទឹក ការប្រើប្រាស់ទឹក និងការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្មនៅក្រោមផ្លូវជាតិលេខ៦ នៃស្រុកសន្ទុក និងស្រុកបារាយណ៍។
សូមជម្រាបជូនថា៖ សកម្មភាពការចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីប្រភពទឹកធម្មជាតិ និងបម្រែបម្រួលរបបជលសាស្ត្រ នៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។
សកម្មភាពខាងលើនេះមានគោលបំណង៖
- ដើម្បីស្វែងយល់ និងវាយតម្លៃពីផលប៉ះពាល់ដែលអាចកើតមានឡើងពីការប្រែប្រួលអាកាសធាតុលើអាងស្ទឹងជីនីត រួមមានការប្រែប្រួលរបបទឹកភ្លៀង ទឹកស្ទឹង សីតុណ្ហភាព និងអាកាសធាតុ
- ដើម្បីវាយតម្លៃភាពងាយរងគ្រោះនៃតំបន់ហានិភ័យដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់សិក្សា ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត៕














