នាថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យអភិរក្ស នាយកដ្ឋានត្រួតពិនិត្យការអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦ ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្រុមការងារចុះសិក្សាមានគោលបំណង៖
១. ស្វែងយល់ពីរចនាសម្ព័ន្ធនៃការគ្រប់គ្រង អ្នកចូលរួមអភិរក្ស ទស្សនវិស័យ និងផែនការគ្រប់គ្រងនៅក្នុងតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦
២. សិក្សាស្វែងយល់ពីសក្តានុពល និងបម្រែបម្រួលនៃធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងស្ថានភាពទូទៅផ្សេងៗទៀត។
ការចុះបំពេញបេសកកម្មនេះ ក្រុមការងារបាន៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងប្រជានេសាទ
- ជួបប្រមូលព័ត៌មានបន្ថែមជាមួយជំនាញជលផលដែលនៅប្រចាំការនៅស្នាក់ការរដ្ឋបាលជលផលដំដែក
- ចុះពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅនៅតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦ ក្នុងខេត្តសៀមរាបគឺជាផ្នែកមួយរបស់សកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕














