ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃចន្ទ ទី១៣ ដល់ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប រួមជាមួយ លោក ឡុក សីលា ប្រធាននាយកដ្ឋានរដ្ឋបាលផែនការ និងសហប្រតិបត្តិការ បានដឹកនាំមន្ត្រីក្រុមការងារអាជ្ញាធរទន្លេសាប ចូលរួមប្រជុំ និងអមដំណើរគណៈប្រតិភូអន្តរក្រសួង ដឹកនាំដោយក្រសួងទេសចរណ៍ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីជួបប្រជុំពិភាក្សាគម្រោងស្តីពី ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងភាពធន់ ជាមួយតំណាងរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកឃុំ សហគមន៍មូលដ្ឋាន វិស័យឯកជននៅខេត្តបាត់ដំបង និងខេត្តសៀមរាប នឹងចុះទស្សនកិច្ចសិក្សាផ្ទាល់នៅទីតាំងស្នើសុំអនុវត្តគម្រោង។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម ៖
- បង្ហាញពីទីតាំងគម្រោងដែលស្នើសុំសិក្សា និងណែនាំក្រុមការងារទីប្រឹក្សាគម្រោង ដេីម្បីសហការជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តបាត់ដំបង និងខេត្តសៀមរាប
- ប្រមូលធាតុចូលបន្ថែមទៀត មុននឹងរៀបចំសិក្ខាសាលាស្តីពីកិច្ចចាប់ផ្តើមអនុវត្តគម្រោង ( Inception Workshop) ដែលគ្រោងនឹងរៀបចំក្នុងខែកញ្ញា ឆ្នាំ២០២៦។
សូមជម្រាបជូនផងដែរថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងភាពធន់ នេះនឹងមានការសាងសង់ផ្លូវរថយន្តចុះមកតំបន់បឹងទន្លេសាប និងផ្លូវថ្មើរជើង ផែបណ្តែតទឹក កន្លែងចតរថយន្ត ការដាំស្តារព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប។ គម្រោងនេះនឹងតភ្ជាប់របៀងទេសចរពីខេត្តបាត់ដំបង មកខេត្តសៀមរាប តាមរយៈផ្លូវកែលម្អឡើងវិញ និងចំណតទូកថ្មីដែលចំណាយពេលវេលាខ្លីសម្រាប់ធ្វើដំណើរ ហើយអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាតំបន់បឹងទន្លេសាបបានយ៉ាងច្រើនផងដែរ៕























