Friday, May 15, 2026

ក្រុមការងារ​ការិយាល័យ​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍​នេសាទ​លេខ​២ ក្នុង​ខេត្តបាត់ដំបង​

​នា​ថ្ងៃ​ពុធ ៥​រោច ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៦ ខែឧសភា​ឆ្នាំ​២០២៦ ក្រុមការងារ​ការិយាល័យ​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍​នេសាទ​លេខ​២ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ និង​ឃុំ​តា​ប៉ុន កំពង់ព្រះ កំពង់​ព្រៀង រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ក្នុង​ដំណើរ​នៃ​ការចុះ​បំពេញបេសកកម្ម​នេះ​មាន​គោលបំណង​៖
១. ស្វែងយល់​ពី​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង អ្នកចូលរួម​គ្រប់គ្រង អភិរក្ស ទស្សនៈវិស័យ និង​ផែនការ​គ្រប់គ្រង​នៅក្នុង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍​នេសាទ​លេខ​២
២. សិក្សា​ស្វែងយល់​ពី​សក្តានុពល និង​បម្រែបម្រួល​នៃ​ធនធាន​ជលផល ជីវចម្រុះ ព្រៃ​លិច​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង​ស្ថានភាព​ទូទៅ​ផ្សេងៗ​ទៀត​។​
​ការចុះ​បំពេញបេសកកម្ម​នេះ ក្រុមការងារ​បាន​៖

  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ និង​ប្រជា​នេសាទ​
  • ជួប​ប្រមូល​ព័ត៌មាន​ជាមួយ​កងកំលាំង​យោធភូមិភាគ​ទី​៤ ដែល​នៅ​ប្រចាំការ​យាមល្បាត​នៅ​តំបន់​អភិរក្ស​
  • ចុះ​ពិនិត្យ និង​អង្កេត​ផ្ទាល់​ពី​ស្ថានភាព​ទូទៅ​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍​នេសាទ​លេខ​២​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍​នេសាទ​លេខ​២ គឺជា​ផ្នែក​មួយ​របស់​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត​ដាក់​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍