នាថ្ងៃចន្ទ ៣កើត ដល់ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យអភិរក្ស បានបន្តចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦ (ទន្លេឆ្មារ) ស្ថិតក្នុងភូមិសាស្ត្រភូមិដូនស្តើង និងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងដំណើរចុះសិក្សាស្វែងយល់នេះ ក្រុមការងារបាន៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយស្មៀនឃុំពាមបាង
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយនាយផ្នែកជលផលដែលគ្រប់គ្រងលើភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយសហគមន៍នេសាទ និងប្រជានេសាទ។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលខាងលើនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ ក្នុងដំណើរនៃការចុះសិក្សាស្វែងយល់នេះមានគោលបំណងសំខាន់ៗគឺ៖
១. ស្វែងយល់ពីស្ថានភាពទូទៅនៃតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ៦ (ទន្លេឆ្មារ) និងតំបន់ដែលពាក់ព័ន្ធសំខាន់ៗ
២. ស្វែងយល់ពីសក្តានុពល និងការប្រែប្រួលនៃធនធានជលផល ជីវៈចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី
៣. ចុះពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្តែងពីបម្រែបម្រួលបទល្មើស និងធនធានធម្មជាតិខាងលើ៕










