ផែនការសកម្មភាព ការងារ ប្រចំាឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប |
|
កម្រងឯកសារគតិយុត្ត ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប |
បឹងទន្លេសាប គឺជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ។ បឹងនេះមានបណ្ដោយប្រមាណ ១១៦ គ.ម ទទឹង ប្រមាណពី ៣ គ.ម ទៅ ៣៣ គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២ គ.ម នៅរដូវប្រាំង ។ បឹងទន្លេសាប ជាបេះដូង នៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន ។ ក្នុងមួយឆ្នាំៗបឹងទន្លេសាប
បានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០% ។ វិសាលភាព របស់បឹងទន្លេសាបមានការប្រែប្រួលទៅតាមរដូវកាល ។ នៅរដូវប្រាំងពេលដែលទឹកបឹងមានជម្រៅពី ១ ទៅ ២ ម៉ែត្រ បឹងទន្លេសាបមានផ្ទៃក្រឡាប្រមាណ ២៥០.០០០ ហិកតា ប៉ុន្ដែ នារដូវវស្សា ពេលដែលទឹកបឹងមានជម្រៅពី ៨ ទៅ ១១ ម៉ែត្រ នោះបឹងទន្លេសាបមានផ្ទៃក្រឡាប្រមាណ ១.៥០០.០០០ ហិកតា ។ មាឌទឹកបឹងទន្លេសាបនៅរដូវវស្សាបានមកពីទន្លេមេគង្គ ៦២% និង ៣៨% ទៀតបានមកពីបណ្ដាស្ទឹងធំៗដែលនៅជុំវិញចំនួន ១១ ។ មាឌទឹកបឹងទន្លេសាបប្រែប្រួលប្រមាណពី ៤.៥០០ លានម៉ែត្រគូបនៅ រដូវប្រាំង ទៅ ១៣៥.០០០ លានម៉ែត្រគូប នៅរដូវវស្សា ។ ផ្ទៃក្រឡាបឹងទន្លេសាបនៅរដូវវស្សាមានទំហំធំជាងរដូវប្រាំងប្រមាណពី ៥ ទៅ ៦ ដង ។
ដូចដែលបានលើកឡើងពីខាងដើមរួចមកហើយថា បឹងទន្លេសាបជាអាយុជីវិតរបស់ប្រទេសកម្ពុជា បានជាពោលដូចនេះ ព្រោះយើងបានដឹងរួចមកហើយថា បឹងទន្លេសាបជាតំបន់ទំនាបដ៏ធំល្វឹងល្វើយ ។ ក្រៅពីការទទួលទឹកជំនន់ទន្លេមេគង្គ បឹងនេះបានស្រូបយកទឹកពីតំបន់ខ្ពង់រាបនានា ដែលស្ថិតនៅជុំវិញ ។ ពេលទឹកហូរធ្លាក់មកកាន់បឹងទន្លេសាប ប្រាកដណាស់គឺហូរនាំទាំងដី ទាំងល្បាប់ ទៅចាក់បំពេញបឹងទន្លេសាប ដែលកត្ដានេះអាចធ្វើឱ្យបឹងដ៏ធំនេះងាយគោករាក់ជាទីបំផុត ប៉ុន្ដែ អ្វីដែលជាលក្ខណៈ ពិសេសនោះ គឺព្រៃលិចទឹកនៅជុំវិញបឹងនេះឯង ដែលបានដើរតួនាទីជាតម្រងត្រងច្រោះយកដី និងល្បាប់នោះមួយភាគធំមិនឱ្យហូរធ្លាក់ចូលទៅបឹងទន្លេសាប ។ ដូចនេះ បើព្រៃលិចទឹកត្រូវបានបំផ្លាញអស់ តើក្នុងមួយឆ្នាំៗមានដី និងល្បាប់ប៉ុន្មានហូរចូលទៅបឹងទន្លេសាប ? ចុះបើបឹងទន្លេសាបគោករាក់ តើមាឌទឹកបឹងទន្លេសាបប្រមាណ ១៣៥.០០០ លានម៉ែត្រគូប នៅរដូវវស្សានោះ យកទៅទុកនៅឯណា ? តើពេលនោះ ប្រទេសកម្ពុជា នឹងមានស្ថានភាពដូចម្ដេច ?
ការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ចេញទឹកទៅឱ្យទន្លេមេគង្គវិញនារដូវប្រាំង បាន ក្លាយទៅជាបាតុភូតជលសាស្ដ្រធម្មជាតិមួយដែលគេកម្រនឹងបានជួបប្រទះ ។ បាតុភូតនេះបានបង្កើត ឡើងនូវតំបន់ដីសើម និង ព្រៃលិចទឹកដ៏ធំល្វ្វឹងល្វើយ ដែលផ្ដល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែប ដូចជា ៖ មច្ឆាជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិគ្រប់ប្រភេទ ។ ជីវសាស្ដ្រ ចម្រុះក្នុងតំបន់បឹងទន្លេសាប រួមមាន ៖ មច្ឆាជាតិ ១៧៥ ប្រភេទ ល្មូន ៤២ ប្រភេទ បក្សី ២២៥ ប្រភេទ ថនិកសត្វ ៤៦ ប្រភេទ និងរុក្ខជាតិជាង ២០០ ប្រភេទ ។
ការកាប់ឆ្ការបំផ្លាញព្រៃលិចទឹកដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម កំណើននៃការប្រើប្រាស់ធនធានទឹក ការប្រើប្រាស់ជីគីមី និង ថ្នាំសម្លាប់សត្វល្អិតក្នុងវិស័យកសិកម្ម ដោយប្រជាកសិករប្រមាណ ២៦១.០០០ គ្រួសារ អាចធ្វើឱ្យមានបម្រែបម្រួលលើគុណភាព ទឹក និងគុណភាពដី ។ ចាប់តាំងពីឆ្នាំ ២០០០ មក សកម្មភាពលើវិស័យជលផល មានយ៉ាងសកម្ម រួមមានឡូត៍នេសាទចំនួន ៣៧ ឡូត៍ សហគមន៍នេសាទចំនួន ១៧៨ សហគមន៍ ការនេសាទជាលក្ខណៈសិប្បកម្ម និងការនេសាទជាលក្ខណៈគ្រួសារដែល មានប្រមាណ ១៣៥.០០០ គ្រួសារ ។ ការប្រើប្រាស់ ឧបករណ៍នេសាទហួសពីកម្រិតនៃការទ្រទ្រង់របស់បឹងទន្លេសាប និង តំបន់ពាក់ព័ន្ធគ្រប់ប្រភេទ ទោះបីជាលក្ខណៈ ឧស្សាហកម្មក្ដី សិប្បកម្មក្ដី ឬជាលក្ខណៈគ្រួសារក្ដី ដូចជា ការសាងសង់សំណង់ របាំងធ្នស់ ព្រួល កាត់ព្រែកធំៗ ការប្រើប្រាស់ឧបករណ៍ឆក់ ការបូមបាចពង្រីងស្ទឹង ព្រែក បឹងបួរ... ការកាប់ព្រៃលិចទឹកដើម្បី ធ្វើសម្រាស់ ។ល។ សុទ្ធតែបានធ្វើឱ្យមាន ការប៉ះពាល់ដល់ការធ្វើចរាចររបស់មច្ឆាជាតិ បាត់បង់លំនៅដ្ឋានត្រី បាត់បង់ពូជត្រី... និងធ្វើ ឱ្យមានផលប៉ះពាល់ដល់ចរន្ដទឹក និងការហូរនាំដីល្បាប់ចេញពីតំបន់បឹងទន្លេសាប ។ល។
ក្នុងកំឡុងពេល ៣ ឆ្នាំ កន្លងមកនេះ ( ពីឆ្នាំ ២០០៩ ដល់ ២០១១ ) ក្នុងចំណោមពូជត្រីចំនួន ១៧៥ ប្រភេទ ដែល មាននៅក្នុងបឹងទន្លេសាប និងតាមយៈការសិក្សារបស់គណៈកម្មការទន្លេមេគង្គក្នុងឆ្នាំ ១៩៩៥ បានបង្ហាញថា មានការជួបប្រទះ ជាញឹកញាប់នោះ គឺមាននៅសល់តែប្រមាណ ៦៩ ប្រភេទ ប៉ុណ្ណោះ ។ ក្នុងនោះ ប្រភេទត្រី ដែលគេជួបប្រទះច្រើនជាងគេ មាន ៣ ពួក គឺ ពួកត្រីដែលមានស្រកា ឬត្រីស ពួកត្រីឥតស្រកា និងពួកត្រី ដែលមានធ្មង់ ។ សរុបត្រីទាំង ៣ ពួកនេះ មានប្រមាណ ៥៦ ប្រភេទ ។ តាមការសិក្សារបស់អាជ្ញាធរទន្លេសាប បានបង្ហាញថា ទិន្នផលត្រីនៅក្នុងបឹងទន្លេសាប មានការ ថយចុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ និងបានថយចុះយ៉ាងគំហុកក្នុងឆ្នាំ ២០០៩ និងឆ្នាំ ២០១០ ។
ព្រៃលិចទឹក គឺជារុក្ខជាតិព្រៃឈើក្រាស់ ព្រៃគម្ពោធ ព្រៃរបោះ វល្លិ៍ ស្មៅ និងពពួកវារីរុក្ខជាតិ ដែលដុះជុំវិញបឹងទន្លេសាបទាំងរដូវប្រាំង និងរដូវវស្សា ហើយអាចធន់ទៅនឹងកម្ពស់ទឹកពី ៥ ទៅ ៧ ម៉ែត្រ ។ ព្រៃលិចទឹក មាន ២ ប្រភេទ គឺព្រៃលិចទឹកដែលដុះនៅតំបន់ជុំវិញបឹងទន្លេសាប ហើយតំបន់ខ្លះដុះរហូតដល់ ៣០ គ.ម ពីមាត់បឹងទន្លេសាប និងព្រៃរបោះ ឬព្រៃល្បាប់ ដែលដុះនៅតំបន់ទំនាប ជាពិសេសដុះនៅតាមស្ទឹង និងពាមរិ៍ ។ ព្រៃដែលដុះនៅជាប់បឹងទន្លេសាបសំបូរទៅដោយដើមឈើធំៗ ដូចជា ដើមរាំងទឹក ផ្ទោល ក្របៅ រទាំង ជាដើម ។ ប្រភេទព្រៃលិចទឹកនៅតំបន់ដីសើមអាចចែកចេញជា ៥ ពួក ក្នុងនោះមាន ៖ ដើមឈើ (៤០ ប្រភេទ), ព្រៃ គម្ពោធ (៣៨ ប្រភេទ), វល្លិ៍ (៣៣ ប្រភេទ), វារីរុក្ខជាតិ (១៨ ប្រភេទ), ពពួកស្មៅ (២២ ប្រភេទ) ។ សរុប ៖ ព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនាពេលបច្ចុប្បន្នមាន ១៥១ ប្រភេទ ។
ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៥ រដ្ឋបាលជលផលបានវាយតម្លៃថា ផ្ទៃក្រឡាព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាបបានថយចុះចំនួន ១៣% ពោលគឺ កាលពីឆ្នាំ ២០០២ ព្រៃលិចទឹកមានចំនួន ៧៩១.០០០ ហិកតា តែមកដល់ឆ្នាំ ២០០៥ ព្រៃលិចទឹកនៅសល់ត្រឹមតែ ៦៨៨.១៧០ ហិកតា ប៉ុណ្ណោះ ។
ចាប់តាំងពីឆ្នាំ ២០០៥ មក សកម្មភាពបំផ្លិចបំផ្លាញព្រៃលិចទឹក ដោយការដុតឈូសឆាយ ដើម្បីវាតយកដីធ្វើស្រែ ការធ្វើអាជីវកម្មអុសធ្យូង ការប្រើប្រាស់សម្រាប់បំរើការងារសិប្បកម្ម ដូចជា ឆ្អើរត្រី រំងាស់ស្ករ ឡឥដ្ឋ ការប្រើប្រាស់ជា លក្ខណៈគ្រួសារ ការដុតទន្ទ្រានដើម្បីចាប់សត្វ និងការនាំចេញដើមរាំងទឹកទៅលក់ឯបរទេស ការកាប់ព្រៃលិចទឹកសម្រាប់ដាក់សំរះក្នុងឡូត៍នេសាទ និងក្នុងដែននេសាទសាធារណៈកាន់តែមានទ្រង់ទ្រាយធំឡើងៗ និងបានធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ធនធានព្រៃលិចទឹក ។
សក្ដានុពលរបស់បឹងទន្លេសាប នៅមានយ៉ាងច្រើនលើសពីអ្វីដែលបានរៀបរាប់មកនេះ ប៉ុន្ដែ ដោយសារ សៀវភៅស នេះ មានការពាក់ព័ន្ធនឹងការបោះបង្គោលការពារព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដូចនេះការរៀបរាប់ពីសក្ដានុពលរបស់បឹងទន្លេសាប គឺគ្រាន់តែធ្វើការជ្រើសរើយយកចំណុចពាក់ព័ន្ធគ្នាមួយផ្នែកប៉ុណ្ណោះ ។