បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប, នៅថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានបន្តដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាបដែលទទួលបន្ទុកសហការរៀបចំកំណត់ក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់អាងបឹងទន្លេសាប នៃកម្មវិធីការអនុវត្តវាយតម្លៃសន្តិសុខទឹក ក្រោមកិច្ចសហប្រតិបត្តិការជំនួយគាំទ្រពីធនាគារពិភពលោក(WB), ICEM, DFAT AWP បានចុះទស្សនៈកិច្ចសិក្សាផ្ទាល់នៅដែនជម្រកសត្វព្រៃបឹងពេរ ស្ថិតនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ ក្នុងដែនវិសាលភាពតំបន់ការពារទេសភាពទំនាបទន្លេសាបខាងជើង។
ដំណើរទស្សនៈកិច្ចសិក្សាដល់មូលដ្ឋានផ្ទាល់នេះ ក្នុងគោលបំណងសំខាន់ៗមួយចំនួន រួមមាន ៖
-សិក្សាស្វែងយល់ពីសក្កានុពលដែលមាននៅក្នុងដែនជម្រកសត្វព្រៃបឹងពេរ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនរស់នៅជុំវិញពាក់ព័ន្ធនឹងតំបន់ការពារ
-ការឆ្លុះបញ្ចាំងរវាងការចុះសិក្សាស្វែងយល់លើទីវាលជាក់ស្តែង(on field) និងសិក្សាប្រមូលទិន្នន័យដែលមានកន្លងមក
-ស្វែងយល់ពីទស្សនវិស័យ និងផែនការគ្រប់គ្រង អភិរក្សធនធានជលផល ជីវៈចម្រុះ ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី
-ការចូលរួមអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្ត ដែលមានស្រាប់សម្រាប់ការថែរក្សាការពារ និងការគ្រប់គ្រងតំបន់សហគមន៍
-ភាពខ្លាំង ភាពខ្សោយ និងវិធីត្រូវដោះស្រាយ រួមជាមួយវិធានការនានាសំដៅគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ នៅជុំវិញដែនជម្រកសត្វព្រៃប្រកបដោយចីរភាព និងនិរន្តរភាព។
សូមជម្រាបជូនផងដែរថា ដែនជម្រកសត្វព្រៃបឹងពេរ ជាដែនជម្រកធម្មជាតិដែលធានានូវលក្ខខណ្ឌធម្មជាតិចាំបាច់ក្នុងការការពារ ប្រភេទសត្វព្រៃ រុក្ខជាតិរបស់ជាតិសំខាន់ៗ ប្រាសាទបូរាណ និងលក្ខណៈរូបសាស្ត្ររបស់បរិស្ថាន ជាទីដែលភាវៈទាំងនេះត្រូវការ កិច្ចអន្តរាគមន៍ពីមនុស្សសម្រាប់ភាពស្ថិតស្ថេរនៃដែនជម្រកដែលមានចំនុចគួរអោយចាប់អារម្មណ៍ដូចជា ៖ ១/. ជាផ្ទៃរងទឹកភ្លៀងនៃអាងស្ទឹងស្ទោង និងអាងស្ទឹងសែន ២/. មានប្រាសាទអំបែងនំ ៣/. មានកទីឋានអភិរក្សសត្វក្ងោក ៤/. មានកន្លែងទឹកផុសនៅខែប្រាំង ៥/. ផ្តល់អនុផលព្រៃឈើ (វល្ល័ ល្ពាក់ ផ្តៅ ឃ្មុំ ផ្សិត និងផ្លែឈើព្រៃ …)៕












