ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នារសៀលថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប ដោយមានការចូលរួមសហការពីក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ដើម្បីចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ស្ទឹងសែន ចាប់ផ្តេីមពីទីតាំងភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យជាក់ស្តែងនេះ ដើម្បីប្រមូលព័ត៌មានទិន្នន័យ អំពីកម្ពស់ទឹក ស្ថានភាពរបបជលសាស្ត្រ សម្រាប់ធ្វើការវិភាគ វាយតម្លៃអំពីសក្តានុពល និងបញ្ហាដែលបណ្តាលឱ្យមានការហូរយឺតចូលបឹងទន្លេសាប ជន់លិច កន្លែងមួយចំនួន រួមទាំងផលប៉ះពាល់ផ្សេងៗ សម្រាប់សម្របសម្រួលពិគ្រោះយោបល់ជាមួយអង្គភាព-ស្ថាបន័ពាក់ព័ន្ធ ដេីម្បីមានវិធានការដោះស្រាយក្នុងតំបន់ និងភូមិសាស្ត្រដែលទទួលរងគ្រោះ៕












