នាថ្ងៃចន្ទ ៤រោច ដល់ថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យអភិរក្ស នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលកំពង់ប្រាក់ស្ថិតក្នុងភូមិសាស្ត្រឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងដំណើរបេសកកម្មនេះក្រុមការងារបាន៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប ដែលប្រចាំការផ្ទាល់នៅក្នុងតំបន់នោះ
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយមេបញ្ជាការរង និងនាយទាហាន ចំណុះកងពលតូចថ្មើរជើងលេខ៥៣ រួមទាំងមេបញ្ជាការរង និងនាយទាហានភូមិភាគ៥ ដែលកំពុងប្រចាំការ
- ជួបសម្ភាសន៍ និងប្រមូលព័ត៌មានជាមួយប្រជានេសាទ
- ចុះពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅនៅតំបន់អភិរក្សជលផលកំពង់ប្រាក់។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលកំពង់ប្រាក់ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។
ក្នុងដំណើរនៃការចុះបំពេញបេសកកម្មនេះមានគោលបំណងសំខាន់ៗគឺដើម្បី៖ - ស្វែងយល់ពីផែនការគ្រប់គ្រង អ្នកចូលរួមសហការណ៍ និងទស្សនៈវិស័យផ្សេងៗ ក្រោយមានការកែសម្រួលប្រព័ន្ធគ្រប់គ្រងមួយចំនួន
- ស្វែងយល់ពីសក្តានុពល និងការប្រែប្រួលនៃធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី
- ចុះពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្តែងពីបម្រែបម្រួលបទល្មើស និងធនធានធម្មជាតិ៕









