Thursday, April 23, 2026

ឯកឧត្ដម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ជួបប្រជុំ​ពិភាក្សា​ការងារ ជាមួយ​លោក​បណ្ឌិត ណា​កា​ម៉ូរា តា​កាស៊ី (Dr. NAKAMURA Takashi) និង​កញ្ញា ដេ​ត មួយ​គាង និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​សកល​វិទ្យាល័យ​យ៉ាម៉ា​ណា​ស៊ី (University of Yamanashi) ប្រទេស​ជប៉ុន អំពី​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា MoU រវាង​ស្ថាប័ន​ទាំងពីរ

​ព្រឹក​ថ្ងៃ​ពុធ ១៤​កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៥ នា​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្ដម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ជួបប្រជុំ​ពិភាក្សា​ការងារ ជាមួយ​លោក​បណ្ឌិត ណា​កា​ម៉ូរា តា​កាស៊ី (Dr. NAKAMURA Takashi) សាស្ត្រាចារ្យ និង​កញ្ញា ដេ​ត មួយ​គាង និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​សកល​វិទ្យាល័យ​យ៉ាម៉ា​ណា​ស៊ី (University of Yamanashi) តាមរយៈ Virtual Microsoft Team Meeting Room (Video Conference)​។
​កិច្ចប្រជុំ​នេះ ដើម្បី​ពិនិត្យ​លើ​សេចក្ដីព្រាង​អនុស្សរណៈ​យោគយល់​គ្នា MoU រវាង​ស្ថាប័ន​ទាំងពីរ អាជ្ញាធរ​ទន្លេសាប និង​សកល​វិទ្យាល័យ​យ៉ាម៉ា​ណា​ស៊ី University of Yamanashi ក្នុងនោះ​ផ្ដោតលើ​ផ្នែក​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ចំនួន ៤ ចំណុច រួមមាន​៖ ១. ចូលរួម​លើ​សកម្មភាព​ការសិក្សា​ស្រាវជ្រាវ​រួមគ្នា នៅ​តំបន់​ទន្លេសាប ២. ការផ្លាស់ប្តូរ​ចំណេះដឹង​លើ​ការសិក្សា និង​បច្ចេកទេស តាមរយៈ​និស្សិត និង​មហាវិទ្យាល័យ ៣. ការចែករំលែក​ទិន្នន័យ និង​ការវិភាគ​រួមគ្នា​ទៅវិញទៅមក និង ៤. ការបោះពុម្ព​លើ​ការសិក្សា​ស្រាវជ្រាវ ដោយមាន​ការនិពន្ធ​រួមគ្នា និង​សិក្ខាសាលា​រួមគ្នា ដែល​ផ្តោតលើ​ការបំពុល​ដោយ​អាសូត​។ សូម​ជម្រាបជូន​ថា អនុស្សរណៈ​យោគយល់​គ្នា MoU រវាង​ស្ថាប័ន​ទាំងពីរ​លើ​កិច្ចសហប្រតិបត្តិការ​នេះ ពិត​ជាមាន​សារៈសំខាន់​លើ​ការសិក្សា​អំពី​គុណភាព​ទឹក នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍