នាថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ដល់ថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារអាជ្ញាធរទន្លេសាប រួមជាមួយនិងក្រុមការងារ World Bank បានចុះសិក្សាស្វែងយល់ និងប្រមូលទិន្នន័យ ស្តីពីការធ្វើវារីវប្បកម្ម ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកណ្តាល។ ក្រុមការងារចុះសិក្សាផ្តោតសំខាន់ដូចជា៖
១. ចុះសិក្សា និងកំណត់បញ្ហាលើសុវត្ថិភាពទឹកសំខាន់ៗ និងបញ្ហាប្រឈមក្នុងការចិញ្ចឹមជីវិតលើភូមិបណ្តែតទឹក រួមទាំងការធ្វើអនុវត្តវារីវប្បកម្ម
២. ជូនដំណឹងដល់អ្នកពាក់ព័ន្ធក្នុងតំបន់អំពីដំណើរការនៃការសិក្សាការវិភាគ និងផ្ទៀងផ្ទាត់បញ្ហានៃការប្រើប្រាស់ទឹកដែលបានរកឃើញ និងការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធផ្នែកបច្ចេកទេស
៣. សិក្សាតាមដានពីស្ថិតិអ្នកចិញ្ចឹមត្រីទាំងក្នុងបែរ/ស្រះ ប្រភេទត្រីចិញ្ចឹម បច្ចេកទេសនៃការចិញ្ចឹម ចរន្តទីផ្សារ តម្លៃត្រីនៅលើទីផ្សារ និងសិក្សាពីផលប៉ះពាល់។
ការចុះសិក្សានេះ ក្រុមការងារបានចុះដល់ទីតាំងផ្ទាល់ និងបានពិនិត្យលើទិដ្ឋភាពទូទៅរបស់ប្រជាពលរដ្ឋទាំងស្រី ប្រុស មនុស្សចាស់ និងកុមារនៅក្នុងតំបន់សិក្សា សិក្សាស្វែងយល់ពីកម្រិតជីវភាពរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិត និងចុះជួបពិភាក្សាផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន អ្នកចិញ្ចឹមត្រីតាមបែរ ស្រះ កសិដ្ឋាន ប្រជាពលរដ្ឋលើភូមិបណ្តែតទឹក និងអាជីវករលក់ត្រីនៅតាមទីផ្សារ ដើម្បីប្រមូលព័ត៌មាន-ទិន្នន័យ និងស្តាប់ពីបញ្ហាប្រឈមផ្សេងៗពីការប្រើប្រាស់ទឹក ការផ្គត់ផ្គង់ទឹកក្នុងតំបន់ និងការគ្រប់គ្រងគុណភាពទឹកដែលអាចកើតមានឡើងនៅរដូវប្រាំង រដូវវស្សា និងភាពងាយរងគ្រោះដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់សិក្សាដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត៕














