កាលពីថ្ងៃអង្គារ ៤កើត ដល់ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវថ្ងៃទី១ រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ និងក្រុមការងារយេនឌ័រ របស់អាជ្ញាធរទន្លេសាប បានចុះធ្វើការបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងយេនឌ័រ និងកសាងសមត្ថភាពស្ត្រីលើការការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងនៅតំបន់ទន្លេសាប ស្ថិតនៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្រុមការងារចុះធ្វើការបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងយេនឌ័រ ក្នុងគោលបំណង៖
សិក្សាស្វែងយល់ពីការចូលរួមយេនឌ័រលើការថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងធនធានធម្មជាតិ នៅតំបន់បឹងទន្លេសាប
សិក្សាស្វែងយល់ពីការយល់ដឹង និងការចូលរួមពីស្ត្រីក្នុងការការពារ ថែរក្សា ទប់ស្កាត់ និង គ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាបចុះជួប និងអាជ្ញាធរមូលដ្ឋាន ពិភាក្សាពីតួនាទី និងបញ្ហាយេនឌ័រពាក់ព័ន្ធនឹងបទពិសោធន៍ និងការអនុវត្តការងារក្នុងមូលដ្ឋានសិក្សាលើចំនួនស្ត្រី បុរស កុមារ និងជនពិការនៅក្នុងតំបន់។
សូមជម្រាបជូនថា៖ ក្រុមការងារបានចុះបញ្ជ្រាបពីការយល់ដឹងយេនឌ័រនេះ ផ្ដោតសំខាន់លើការប្រមូលព័ត៌មាន និងទិន្នន័យប្រជាពលរដ្ឋជាស្ត្រី បុរស កុមារ និងជនពិការ ដែលស្ថិតនៅក្នុងតំបន់ តាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជ្រាបការយល់ដឹងយេនឌ័រឱ្យស៊ីជម្រៅក្នុងការការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងធនធានធម្មជាតិ និងយល់ពីសារៈប្រយោជន៍ធនធានធម្មជាតិរបស់បឹងទន្លេសាប ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ជាពិសេស កសាងសមត្ថភាពស្ត្រីឱ្យមានភាពអង់អាចចូលរួមចំណែកទប់ស្កាត់ ផ្តល់មតិយោបល់ និង អនុវត្តការងារក្នុងស្មារតីចូលរួមលើកកម្ពស់សមភាព និងសមធម៌ដោយមិនមានភាពរើសអើងក្នុងការអភិវឌ្ឍនៅតំបន់បឹងទន្លេសាបប្រកបដោយចីរភាព៕






