ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានដឹកនាំសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាបញ្ចប់លើការងារធ្វើបច្ចុប្បន្នភាពផែនទីកំណត់ផ្ទៃដីតំបន់៣ និងការកំណត់ព្រំផ្ទៃទឹកបឹងទន្លេសាប។
កិច្ចប្រជុំនេះ អញ្ជើញចូលរួមពីតំណាងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងធនធានទឹកនិងឧតុនិយម អភិបាលរងទទួលបន្ទុកនៃគណៈអភិបាលខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្តទាំង៦ជុំវិញបឹងទន្លេសាប ថ្នាក់ដឹកនាំអនុប្រធានអាជ្ញាធរទន្លេសាប និងមន្ត្រីបច្ចេកទេសអគ្គលេខាធិការ អាជ្ញាធរទន្លេសាប សរុបចំនួន ៣០នាក់។
សូមជម្រាបជូនថា បន្ទាប់ពីកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អង្គប្រជុំបានសម្រេចឯកភាពជូនអាជ្ញាធរទន្លេសាប រៀបចំធ្វើបច្ចុប្បន្នភាពផែនទីកំណត់ផ្ទៃដីតំបន់៣ និងកំណត់ព្រំផ្ទៃទឹកបឹងទន្លេសាប ដើម្បីដាក់ប្រជុំពិភាក្សាសម្រេចចុងក្រោយក្នុងកិច្ចប្រជុំលើកទី២ នេះ និងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល៕






















