ថ្ងៃអង្គារ ៤រោច ដល់ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង តំណាងឱ្យឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារ បានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បន្តចុះពិនិត្យទីតាំងដីដែលរងការទន្ទ្រាននាពេលកន្លងមក និងផ្ទៃដីព្រៃរេចរិល ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកប្រាសាទបាគង ស្រុកក្រឡាញ់ ស្រុកពួក និងក្រុងសៀមរាប ខេត្តសៀមរាប។ ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងនេះមានកិច្ចសហការចូលរួមពីលោកអភិបាល អភិបាលរងនៃគណៈអភិបាលក្រុង/ស្រុកទាំងបួន តំណាងមន្ទីរធនធានទឹកនិងឧតុនិយម តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នាយសង្កាត់រដ្ឋបាលជលផល អង្គភាពជំនាញពាក់ព័ន្ធ កម្លាំងនគរបាល កងរាជអាវុធហត្ថស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ រួមនឹងសហគមន៍នេសាទដែលមានការពាក់ព័ន្ធ៕



























