តបតាមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃពុធ ៥រោច ខែស្រាពណ៍ ដល់ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអគ្គលេខាធិការនៃអាជ្ញាធរទន្លេសាប បានចាត់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធនធានធម្មជាតិ ដែលដឹកនាំដោយលោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានបន្តចុះពិនិត្យ និងវាយតម្លៃពីស្ថានភាពលំហូរទឹកស្ទឹងសំខាន់ៗនៅជុំវិញបឹងទន្លេសាប ក្នុងនោះក្រុមការងារបានចុះពិនិត្យ វាយតម្លៃពីស្ថានភាពទឹកជំនន់ស្ទឹងសង្កែ និងលំហូរទឹកនៃអាងស្ទឹងសង្កែ អាងស្ទឹងមោងឬស្សី-ស្ទឹងដូនទ្រី និងអាងស្ទឹងមង្គលបូរីស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ក្រុមការងារបានសហការជាមួយមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងឆ្មាំទំនប់អាងទឹក។ គោលបំណងដើម្បី:
១. ពិនិត្យជាក់ស្តែងលើស្ថានភាពរបបទឹកតាមទំនប់អាងទឹក និងទឹកស្ទឹងសំខាន់ៗក្នុងខេត្តបាត់ដំបង
២. វាយតម្លៃលើមូលហេតុ និងឧបសគ្គនៃរបបទឹកស្ទឹង លំហូរទឹកស្ទឹង និងស្ថានភាពទទឹកជំនន់ស្ទឹងសង្កែមុនបន្តហូរចូលបឹងទន្លេសាប
៣. តាមដានស្ថានភាពរបបជលសាស្ត្រតាមដងស្ទឹង និងបរិមាណរបបទឹកភ្លៀងនៅតាមបណ្តាអាងស្ទឹងនីមួយៗខាងលើ៕





















