នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងដំបូងនៃផែនការប្រមូលទិន្នន័យទឹកក្រោមដីថ្នាក់ជាតិក្នុងការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដីប្រកបដោយចីរភាពសម្រាប់កសិកម្មនៅក្នុងអាងទន្លេមេគង្គក្រោម ដែលបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិដោយឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានៅសាលប្រជុំទីរួមខេត្តកំពង់ចាម ដោយមានវត្តមានចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពី ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមានការសម្របសម្រួលធ្វើបទបង្ហាញដោយអ្នកជំនាញការជាតិរបស់គម្រោង សរុបចំនួន ១៨នាក់ (ស្រី ០៣នាក់)។
គោលបំណង នៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ គឺដើម្បី៖ (១) ពិភាក្សាលើផែនការប្រមូលទិន្នន័យទឹកក្រោមដីជាតិដំបូង (២) ពិភាក្សា ដើម្បីជ្រើសរើសតំបន់សាកល្បង កំណត់អត្តសញ្ញាណ តួនាទី និងការទទួលខុសត្រូវ សម្រាប់គម្រោង និង (៣) ឯកភាពលើវិធីសាស្ត្រ/ឧបករណ៍ម៉ូដែលទឹកក្រោមដី ការប្រមូលទិន្នន័យ ការកំណត់អត្តសញ្ញាណកង្វះខាតទិន្នន័យ និងវិធីសាស្ត្រចែករំលែកទិន្នន័យសម្រាប់គម្រោងសាកល្បងនេះ ៕










