នាថ្ងៃពុធ ៧រោច ដល់ថ្ងៃព្រហស្បត្តិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥-៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និង សហប្រតិបត្តិការ និងក្រុមការងារយេនឌ័រ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលា បណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សមភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងការគ្រប់គ្រងធនធានទឹក និងការប្រែប្រួលអាកាសធាតុ នៅសាលប្រជុំនៃទីស្តីការក្រសួធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលដោយលោកជំទាវ លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងធនធានទឹក និងឧតុនិយម ។ សិក្ខាសាលាបណ្តុះបណ្តាលនេះ មានសមាសភាពចូលរួមពីសំណាក់មន្ត្រីបង្គោល មន្ត្រីទទួលបន្ទុកការងារយេនឌ័រមកពីបណ្តានាយកដ្ឋាន អង្គភាពក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងតំណាងមកពីមន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្តទាំង២៥ មានចំនួសរុប៧២ នាក់ ក្នុងនោះស្ត្រីមានចំនួន៥៧ នាក់។
សូមជម្រាបថា សិក្ខាសាលាបណ្តុះបណ្តាលនេះ បានបង្ហាញខ្លឹមសារសំខាន់ៗ ដើម្បីពង្រឹងនូវភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងការបង្កើននូវជំនាញ ចំណេះដឹង ទំនុកចិត្តក្នុងភាពជាអ្នកដឹកនាំប្រកបដោយបរិយាបន្ន ភាពធន់ និងដោយមានការឆ្លើយតបនឹងយេនឌ័រ ៕









