ទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ AUPP។
បច្ចេកវិទ្យាឌីជីថល កំពុងកែប្រែទម្លាប់នៃការរស់នៅទូទៅ របៀបនៃការបំពេញការងារទាំងវិស័យសាធារណៈនិងឯកជន របៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ សម្រាប់ធ្វេីជាមូលដ្ឋានប្រៀបធៀបមុនធ្វើសេចក្តីសម្រេចចិត្ត ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលគ្រប់កម្រិតថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ន សំដៅបង្កើនផលិតភាពតាមវិស័យ និងងាយស្រួលផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” នាពេលនេះ រៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ ដែលមានប្រធានបទស្របទៅនឹងនិន្នាការនៃបវិវត្តកម្មឌីជីថល និងមានសាស្ត្រាចារ្យជាតិនិងអន្តរជាតិល្បីៗមួយចំនួន ដែលជាអ្នកជំនាញលើភាពជាអ្នកដឹកនាំ Cultural Intelligence និងជាអ្នកជំនាញបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៕


















