Wednesday, June 17, 2026

ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ដំណើរការ​ការងារ​សាងសង់​បង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល ជំហាន​ទី​១ ខេត្តពោធិ៍សាត់​

​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃ​អង្គារ ២​កើត ខែ​បឋមាសាឍ ឆ្នាំមមី ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​បច្ចេកទេស ព្រមទាំង​អាជ្ញាធរ​ដែនដី​ស្រុក ឃុំ ភូមិ និង​ភូមិបាល​ស្រុក បាន​ចុះ​ពិនិត្យ​ដំណើរការ​ការងារ​សាងសង់​បង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល ជំហាន​ទី​១ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង នៃ​ខេត្តពោធិ៍សាត់ ដែលមាន​បង្គោល​សរុប​ចំនួន ៦៥០​បង្គោល​។ បច្ចុប្បន្ន​ការងារ​សាងសង់​ជំហាន​ទី​១​នេះ សម្រេចបាន​ប្រមាណ ៩០% តាម​ផែនការ​គ្រោងទុក ដែល​នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២៦​នេះ​។​
​សូមបញ្ជាក់​ផងដែរ​ថា បង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល​នេះ ជា​ប្រភេទ​បង្គោល​ជើង​មួយ កម្ពស់​៣​ម៉ែត្រ​ពី​ដី ទំហំ ៣០​សង់ទីម៉ែត្រ គុណ ៣០​សង់ទីម៉ែត្រ និង​មាន​ក្បាល​ពណ៌​ផ្ទៃមេឃ ដែលជា​បង្គោល​បង្ហាញ​ច្បាស់​ពី​ព្រំប្រទល់​ដី​តំបន់​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ និង​ដី​តំបន់ហាមឃាត់ តំបន់​៣ ច្បាស់លាស់ និង​ងាយស្រួល​ក្នុង​ចុះ​ត្រួតពិនិត្យ តាមដាន ក្នុងការ​ទប់ស្កាត់​ការបន្ត​ចូល​អាស្រ័យ​ផល និង​ទន្ទ្រាន​យក​ដី​តំបន់​៣​។​
​សូម​ជម្រាបជូន​ថា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​តំបន់​បឹង​ទន្លេសាប ឯកឧត្តម​តែងតែ​ណែ​នាំឱ្យ​ចាត់តាំង​ក្រុមការងារ​ចុះ​តាមដាន​ជាប្រចាំ ដើម្បី​ចូលរួម​ទប់ស្កាត់​សកម្មភាព​បទល្មើស​ផ្សេងៗ ដែល​កើតមានឡើង​នៅ​ជុំវិញ​បឹង​ទន្លេសាប ពិសេស​ការចូល​បន្ត​អាស្រ័យ​ផល​ក្នុង​តំបន់​៣ ការដុត​ព្រៃ និង​ឈូសឆាយ​ព្រៃ​ក្នុង​គោលបំណង​កាត់​កាប់​ដី​ក្នុង​តំបន់​៣ ដោយ​ខុសច្បាប់​របស់​ជនខិលខូច ក្រោមរូបភាព​ផ្សេងៗ​ជាច្រើន​ទៀត​៕

ព័ត៌មាន និងព្រឹត្តិការណ៍