Thursday, June 11, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការតាមដាន​ត្រួតពិនិត្យ​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក និង​ការបន្ត​អាស្រ័យ​ផល​ក្នុង​តំបន់​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​

​នា​ថ្ងៃ​ពុធ ១០​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ក្នុងនាម​តំណាង ឯកឧត្តម អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការតាមដាន និង​ត្រួតពិនិត្យ​លើ​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក និង​ការបន្ត​ចូល​អាស្រ័យ​ផល​ក្នុង​តំបន់​៣ ដែលជា​តំបន់​ត្រូវការពារ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែលមាន​ការចូលរួម​ពី អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ឯក​ភ្នំ លោក​ប្រធាន​ភូមិបាល​ស្រុក លោកនាយក​រដ្ឋបាល​សាលាស្រុក លោក​មេ​បញ្ជា​រង​កងរាជអាវុធហត្ថ​ស្រុក លោក​អធិការរង​ស្រុក នាយផ្នែក​ជលផល លោក លោកស្រី​មេឃុំ ក្រុមប្រឹក្សាឃុំ លោក​មេភូមិ និង​ប្រធាន​សហគមន៍ ។​
​កិច្ចប្រជុំ​មាន​គោលបំណង​៖

  • ជំរុញ​បន្ត​ពង្រឹង​ការត្រួតពិនិត្យ​តាមដាន​ជាប្រចាំ តាមរយៈ​ការចុះពិនិត្យ​ទីតាំង​ជាក់ស្តែង​ក្នុង​តំបន់​៣ ដោយ​ផ្តោតលើ​សកម្មភាព​នៃ​ការកាប់​ទន្ទ្រាន ការកាន់កាប់ និង​ប្រើប្រាស់​ដីព្រៃ​លិច​ទឹក​តំបន់​៣​ដោយ​ខុសច្បាប់​
  • ជំរុញ​វិធានការ​ផ្លូវច្បាប់​ក្នុង​គោលបំណង​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​បទល្មើស​ឱ្យបាន​ទាន់ពេលវេលា សំដៅ​ការពារ និង​អភិរក្ស​ព្រៃ​លិច​ទឹក ព្រមទាំង​ធានាបាន​នូវ​ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព​
  • លើកទឹកចិត្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ផ្សព្វផ្សាយ អប់រំ អំពី​អត្ថប្រយោជន៍​តំបន់​៣ ដល់​សហគមន៍ និង​ប្រជាពលរដ្ឋ ក្នុងការ​ការពារ និង​ចូលរួម​អភិរក្ស​ព្រៃ​លិច​ទឹក ដែលជា​ជម្រក និង​តំបន់​ត្រី​ពង​កូន​
  • ជំរុញ​ការអនុវត្ត​វិធានការ​អភិរក្ស និង​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​ដែល​រង​ការខូចខាត ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ធនធាន​ជលផល និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​នៅ​តំបន់​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍