នាថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងទទួលសិទ្ធិជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារអនុវត្តគម្រោងសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរទន្លេសាប TSA នៃព្រះរាជាណាចក្រកកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រ និងស្វ័យប្រវត្តិកម្មអភិរក្សទឹក NIHWA នាទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបជូនថា អនុស្សរណៈយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខានាពេលនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការចែករំលែកបទពិសោធន៍ ទិន្នន័យ និងព័ត៌មាន ការស្រាវជ្រាវរួម ការអភិវឌ្ឍគម្រោង និងការកសាងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក និងជីវចម្រុះ ក្នុងគោលដៅគាំទ្រការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពនៅតំបន់ទន្លេសាប និងការពិនិត្យ និងសិក្សារួមគ្នាក្នុងការរៀបចំសំណើអនុវត្តគម្រោង រួមជាមួយនឹងការបន្តកិច្ចសហប្រតិបត្តិការលើការថែទាំ ជួសជុល និងនវានុវត្តន៍ទិន្នន័យ ព័ត៌មានជលសាស្ត្រ ឧតុនិយម និងគុណភាពទឹកនៃស្ថានីយជលជលសាស្ត្រ និងឧតុនិយម ក្រោមការផ្តល់ជំនួយបច្ចេកទេសពីភាគីចិននាពេលកន្លងមកផងដែរ។
សូមបញ្ជាក់ជូនថា សិក្ខាសាលា ស្តីពីការលើកកម្ពស់សមត្ថភាពបង្ការជំនន់ទឹកភ្លៀង និងជំនោរទឹកសមុទ្រនៅតំបន់ឆ្នេរ ដែលបានធ្វើឡើងនៅទីក្រុងគ័ងចូវ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដែលមានសមាសភាពចូលរួមមកពីប្រទេសចំនួន ៤ មានប្រទេសកម្ពុជា បង់ក្លាដេស ម៉ាឡេស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង បានបញ្ចប់នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន៕
























