កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារ យេនឌ័ររបស់អាជ្ញាធរទន្លេសាប បន្តចុះលើកកម្ពស់ការយល់ដឹងយេនឌ័រ និងកសាងសមត្ថភាពស្ត្រី លើការការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងនៅតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រុមការងារបានចុះអនុវត្តសកម្មភាពនេះមានគោលបំណង ៖
- ផ្សព្វផ្សាយ ពីសារៈសំខាន់នៃធនធានធម្មជាតិ ការអភិរក្សធនធានធម្មជាតិ
- រួមបញ្ចូល GEDSI ការពារ ទប់ស្កាត់បទល្មើសខុសច្បាប់ក្នុងការអភិរក្សធនធានធម្មជាតិ
- ការជំរុញលើកទឹកចិត្ត និងឱ្យតម្លៃលើការងារ តួនាទី ភារកិច្ចរបស់ស្ត្រី និងបរិយាបន្នសង្គម
- បង្កើនការយល់ដឹងពីការបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់លើធនធានធម្មជាតិ បរិស្ថាន និងសេដ្ឋកិច្ច-សង្គម
- ពង្រឹង និងពង្រីកពីការយល់ដឹងយេនឌ័រ លើការគ្រប់គ្រងកាកសំណល់រឹង-រាវ ការបំពុលបរិស្ថាន និងការថយចុះធនធានជលផល
- ជំរុញការចូលរួមយ៉ាងសកម្មពីស្ត្រី និងគ្រប់ភាគី ដើម្បីការពារ ទប់ស្កាត់ ថែរក្សាធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាបាននូវប្រសិទ្ធភាព សម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងសេដ្ឋកិច្ចជាតិ ក្នុងពេលបច្ចុប្បន្ន និងអនាគតសម្រាប់អ្នកជំនាន់ក្រោយ។
សូមជម្រាបជូនថា ការចុះអនុវត្តសកម្មភាពខាងលើនេះ ក្រុមការងារបានចុះស្វែងយល់ដោយផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់ បានលើកកម្ពស់ការយល់ដឹងយេនឌ័រពីសិទ្ធិ និងតួនាទីស្ត្រី និងបរិយាបន្នសង្គមក្នុងការចូលរួមមិនរើសអើងប្រកបដោយសមភាព និងសមធម៌ លើការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងធនធានធម្មជាតិ នៅតំបន់បឹងទន្លេសាបឱ្យមាននិរន្តរភាព៕








