កាលពីថ្ងៃចន្ទ ៦កើត ដល់ថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋាន និងមន្ត្រីការិយាល័យធនធានរ៉ែ នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវបន្តពីធនធានរ៉ែ និងផលប៉ះពាល់ពីការទាញយកធនធានរ៉ែ នៅតំបន់ទីជម្រាលអាងទន្លេសាប ស្ថិតនៅក្នុងដងស្ទឹងពោធិ៍សាត់ ឃុំស្វាយលួង កណ្តៀង អន្លង់វិល និងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ការចុះសិក្សានេះក្រុមការងារបាន៖
១. ជួបជាមួយអាជ្ញាធរដែនដី អាជីវករលក់សម្ភារៈសំណង់ និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធី៍សាត់ ដើម្បីប្រមូលព័ត៌មាន ទិន្នន័យ អំពីធនធានរ៉ែ និងទីតាំងទាញយកធនធានរ៉ែ នៅតាមដងស្ទឹង និងការប្រកបអាជីវកម្មធនធានរ៉ែ។ល។
២. បន្តចុះពិនិត្យ និងសិក្សាស្វែងយល់ជាមួយអាជ្ញាធរដែនដី និងម្ចាស់បូមខ្សាច់ នៅតាមទីតាំងសិក្សា ដើម្បីទទួលបានព័ត៌មានទូទៅ និងការធ្វើទាញយកធនធានរ៉ែខ្សាច់ និងបញ្ហាផ្សេងៗ ដែលកើតមានឡើងនៅតាមទីតាំងសិក្សា
៣. ពិនិត្យជាក់ស្តែង និងវាយតម្លៃពីទំហំ-បរិមាណនៃការទាញយកធនធានរ៉ែខ្សាច់ និងវាយតម្លៃលើស្ថានភាពផលប៉ះពាល់ច្រាំងស្ទឹង ការប្រែប្រួលរូបរាងស្ទឹង និងលំហូរទឹកស្ទឹង។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវពីធនធានរ៉ែ និងផលប៉ះពាល់ពីការទាញយកធនធានរ៉ែ នៅតំបន់ទីជម្រាលអាងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង៖
- សិក្សាវាយតម្លៃផលប៉ះពាល់ការធ្វើអាជីវកម្មធនធានរ៉ែខ្សាច់
- សិក្សាវាយតម្លៃលើភាពប្រែប្រួលរូបរាងស្ទឹង និងលំហូរទឹកស្ទឹងពោធិ៍សាត់ក្នុងពេលចុះសិក្សា
- រៀបចំផែនទីទីតាំងធនធានរ៉ែ និងការទាញយកធនធានរ៉ែ នៅតាមដងស្ទឹង៕












