នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃអាជ្ញាធរទន្លេសាប នាសាលប្រជុំអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប។
សូមជម្រាបជូនថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាបថ្មីនេះ ចែកចេញជា ៥ជំពូក មាន ១៣មាត្រា ស្របទៅតាមបរិបទនៃកំណែទម្រង់រដ្ឋបាល និងមុខងារសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា នៃអនុក្រឹត្យលេខ២០ អនប្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន និងអនុក្រឹត្យលេខ១១៤ អនប្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង និងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផងដែរ៕











