បន្ទាប់ពីក្រុមការងារបច្ចេកទេសអន្តរក្រសួងបញ្ចប់ការចុះកំណត់និយាមកាបោះបង្គោលព្រំដីតំបន់កាត់ឆ្វៀលនៅខេត្តកំពង់ឆ្នាំង រួចមក នៅថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង សហការជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងបញ្ជាការស្រាលទាំង៣ បានបន្តចុះកំណត់និយាមកាបោះបង្គោលជំហ៊ាន២ ដំណាក់កាលទី១ បង្គោលព្រំដីតំបន់កាត់ឆ្វៀល (តំបន់១ និងតំបន់២ ស្ថិតក្នុងតំបន់៣) ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
សូមជម្រាបជូនផងដែរថា នៅខេត្តកំពង់ធំ អាជ្ញាធរទន្លេសាបមានផែនការបោះបង្គោលព្រំដីតំបន់កាត់ឆ្វៀល(តំបន់១ និងតំបន់២ ស្ថិតក្នុងតំបន់៣) ចំនួនប្រមាណ ៣ ០៣៦បង្គោល ដោយឡែកសម្រាប់ឆ្នាំ២០២៥នេះ អាជ្ញាធរទន្លេសាបជ្រេីសរេីសស្រុកតាំងគោក នៃខេត្តកំពង់ធំសម្រាប់បោះបង្គោលព្រំដីតំបន់កាត់ឆ្វៀលជំហ៊ាន២ ដំណាក់កាលទី១ ចំនួន ៣៩៨បង្គោល សម្រាប់បង្គោលនៅសល់នឹងបន្តបោះនៅឆ្នាំបន្តបន្ទាប់រហូតដល់ចប់រួចរាល់១០០% ៕















